ព័ត៌មានជាតិ

បុរសម្នាក់ផឹកស្រាស្រវឹង វាយជនរងគ្រោះបាក់ធ្មេញ សមត្ថកិច្ចឃាត់ខ្លួនសួរនាំ ស្រាប់តែដកកាំបិតបម្រុងកាប់

កណ្ដាល: នាថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង ៥និង១០នាទី មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ចំណុចភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ជនរងគ្រោះម្នាក់៖
១/ឈ្មោះ ជួង សឿន ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ (របួសត្រូវចំខ្នង និងចំមាត់ បណ្តាលឲ្យហើម និងបាក់ធ្មេញ ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពឃុំឈើទាល)។

ជនសង្ស័យចំនួនម្នាក់៖
១/ឈ្មោះ រស់ សារឿន ហៅមុំ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិត មានទីលំនៅភូមិ ឃុំ ជាមួយជនរងគ្រោះ (ឃាត់ខ្លួន)។

វត្តុតាងចាប់យករួមមាន៖
១/ដំបងឬស្សីមូល០១ប្រវែង ៩០ស.ម
២/បន្ទះឈើនាវមួយប្រវែង១៣០ ស.ម ទទឹងប្រវែង២ស.ម
៣/កាំបិតបុ័ងតោ០១មានប្រវែង ៣ ស.ម ផ្លែដែកអ៊ីណុង។

សភាពរឿងហេតុ៖ ថ្ងៃ០៨ ខែកុម្ភ: ឆ្នាំ២០២២ ពេលម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានលឺសំឡេងផ្ទះជនសង្ស័យឈ្លោះគ្នា រួចក៏ដើរទៅមើល ពេលនោះជនសង្ស័យ បានទាញបន្ទះឈើនាវ វាយទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសត្រូវចំខ្នង និងត្រូវចំមាត់បណ្តាលឲ្យបាក់ធ្មេញ។
បន្ទាប់មកជនរងគ្រោះបានដាក់ពាក្យបណ្ដឹង ក្រោយពីទទួលបានបណ្តឹងភ្លាមនោះកម្លាំងប៉ុស្តិ៍បានចុះដល់ចំណុចកើតហេតុ និងបានហៅជនសង្ស័យមកសាកសួរនៅប៉ុស្តិ៍ តែពេលមកប៉ុស្តិ៍ស្រាប់តែជនសង្ស័យ បានដកកាំបិតបុ័ងតោពីចង្កេះបំរុង និងកាប់មកលើសម្ថតកិច្ចប៉ុស្តិ៍ឈើទាល តែត្រូវសមត្ថកិច្ចឃើញទាន់ក៏ចាប់ជនសង្ស័យតែម្តង រួចក៏ធ្វើការសួរនាំជនសង្ស័យ នៅ ចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកបន្ទះឈើនាវ នឹងដំបងឬស្សី មកវាយទៅលើជនរងគ្រោះពិតប្រាកដមែន និងបានទាញកាំបិតមកកាប់លើសមត្ថកិច្ចថែមទៀត។

បញ្ជាក់៖ ជនសង្ស័យជាមនុស្សប្រើប្រាស់សារធាតុញៀន និងធ្លាប់បានជាប់ពន្ធនាគារចំនួនពីរលើករួចមកហើយ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងកំពុងឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់