ភ្នំពេញៈ នៅវេលាម៉ោង០៣និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់ជិះម៉ូតូដួលដោយខ្លួនឯង បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង នៅមុនពេលកើតហេតុ ម្តាយជនរងគ្រោះគាត់បានធ្វើដំណើរចេញពីផ្ទះ របស់ខ្លួនក្នុងគោលបំណងដើម្បីទៅសុំសីលនៅឯវត្តចាក់អង្រែលើ ។ ខណៈពេលគាត់ដើរទៅដល់ត្រង់ចំណុចមុខខ្លោងទ្វារវត្តនោះ ស្រាប់តែមានគេទៅប្រាប់គាត់ថា កូនជួបគ្រោះថ្នាក់ចរាចរណ៍ ដោយជិះម៉ូតូដួលដោយខ្លួនឯង បានស្លាប់បាត់បង់ជីវិតមួយរំពេច នៅនឹងកន្លែងកើតហេតុបាត់ទៅហើយ ។
បន្ទាប់ពីគាត់បានទទួលដំណឹងដ៏រន្ធត់និងសោកសៅនេះរួចមក ម្តាយបានធ្វើដំណើរមកដល់ត្រង់ចំណុចកន្លែងកើតហេតុ ។ ដោយមកឃើញនូវទិដ្ឋភាពនេះភ្លាម ម្តាយមានអារម្មណ៍ក្តុកក្តួលរំជួលចិត្ត និងស្រែកទ្រហោយំក្តែងៗ ដោយក្តីអាឡោះអាល័យកូនដែលបានបាត់បាត់បង់ជីវិត ។
ម្តាយជនរងគ្រោះបានយំរៀបរាប់ទាំងស្រក់ទឹកភ្នែក ប្រាប់ក្រុមការងារ នៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំបានឲ្យដឹងដូច្នេះថា ជនរងគ្រោះមានឈ្មោះ ឈួន វឌ្ឍនា (ហៅស្លេក) ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរជាជាងកាត់សក់ នៅម្តុំវត្តសន្សំកុសល ។ ជនរងគ្រោះមានបងប្អូន ទាំងអស់ចំនួន០៣នាក់ ។ ជនរងគ្រោះជាកូនទី០៣ គឺពៅគេនៅក្នុងគ្រួសារ ។ ម្តាយជនរងគ្រោះបាននិយាយ រៀបរាប់ទៀតថា ឪពុកទើបតែនឹងស្លាប់បាត់កន្លងទៅអំឡុងពេលចូលឆ្នាំ ហើយគាត់បានយកធាតុដាក់នៅលើផ្ទះដើម្បីអុជធូបឧទ្ទិសកុសល ជូនទៅរៀងរាល់ថ្ងៃសីល ។ ឥឡូវត្រូវកូនជាទីស្រឡាញ់របស់គាត់ម្នាក់ ត្រូវស្លាប់មួយទៀត ដោយជួបគ្រោះថ្នាក់ចរាចរណ៍ ។ គាត់ពិតជាក្តុកក្តួលរំជួលចិត្តខ្លាំងណាស់ ហើយគាត់បានរៀបរាប់បន្ថែមទៀតថា យកម្តងមួយៗ គឺមានន័យថាឪពុកទើបនឹងស្លាប់ ស្រាប់តែកូនត្រូវស្លាប់មួយទៀត ។ ដូច្នេះគាត់ពិតជាមានទុក្ខសោកខ្លាំងណាស់ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចាក់អង្រែលើ លោកបានធ្វើកំណត់ហេតុដើម្បីប្រគល់សាកសពជនរងគ្រោះ ទៅឲ្យក្រុមគ្រួសារសាច់ញាតិ យកសពទៅធ្វើបុណ្យតាមប្រពៃណី ៕








មតិយោបល់