ព័ត៌មានជាតិ

រថយន្តមួយគ្រឿងបើកវ៉ាជែងបុកម៉ូតូ បណ្តាលឲ្យប្តីប្រពន្ធពីរនាក់រងរបួសធ្ងន់

បន្ទាយមានជ័យ: យោងតាមផេក​ ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ០២នាក់ប្តីប្រពន្ធរងរបួសធ្ងន់ ដោយរថយន្តបុកប៉ះម៉ូតូរួចព្យាយាមបើករត់គេចខ្លួនទីបំផុត ត្រូវបានកម្លាំងនគរបាលដេញតាមឃាត់រថយន្តបាន តែអ្នកបើកបររត់គេចខ្លួនបាត់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៧និង៣០នាទីយប់ ថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវលំខាងត្បូង ភូមិគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ជនរងគ្រោះ០២នាក់៖ ១-ឈ្មោះ រិន បូរី ភេទប្រុស អាយុ៣៥ឆ្នាំ ជាប្តីបើកបរម៉ូតូម៉ាក់ទ្រីម ស៊េរី2005 ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1E-1962 និងអ្នករួមដំណើរជាប្រពន្ធឈ្មោះ ញុយ ប៊ុនថាំ ភេទស្រី អាយុ៣១ ឆ្នាំ ទាំង០២នាក់ប្តីប្រពន្ធ នៅភូមិតាគង់ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

នគរបាលបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានបើកម៉ូតូឌុបប្រពន្ធក្នុងគោលដៅពីទិសខាងជើងទៅទិសខាងត្បូង ពេលមកដល់កន្លែងកើតហេតុមានរថយន្តម៉ាក់ Toyota Camry ស៊េរី១៩៨៧ ពណ៌ឈាមជ្រូក ស្លាកលេខ ច.1791ភព2 បើកបរមានគោលដៅពីទិសខាងត្បូង ទៅទិសខាងជើងច្រាសទិសគ្នា បានឡើងវ៉ាជែងរថយន្ត០១គ្រឿងទៀត បណ្តាលឲ្យជ្រុលចង្កូតទៅបុកប៉ះជាមួយនិងម៉ូតូ បណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ទាំង០២នាក់ ។
ក្រោយពីបង្កហេតុរថយន្ត បានព្យាយាមបើករត់គេចពីកន្លែងកើតហេតុ កម្លាំងអធិការនគរបាលស្រុកអូរជ្រៅ បានដេញតាមចាប់បានរថយន្ត នៅក្នុងក្រុងសិរីសោភណ័ ចំណែកអ្នកបើកបររត់គេងខ្លួនបាត់ ។ រថយន្តនិងម៉ូតូយកមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកអូរជ្រៅ រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ។ ចំពោះជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអូរជ្រៅ ៕

មតិយោបល់