ភ្នំពេញៈ នៅវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីបុរសម្នាក់ជាជនពិការគថ្លង់ បានលង់ទឹកស្អុយស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីផឹកស្រាស្រវឹងហើយដើរទៅឈរលេងនៅក្បែរបង្កាន់ដៃស្ពាន ប្រឡាយទឹកស្អុយ រួចក៏រអិលជើងធ្លាក់ចូលលិចបាត់២ម៉ោង បង្កឲ្យមានការភ្ញាក់ផ្អើលឡើង ត្រង់ចំណុចស្ពានបឹងសាឡាង តាមបណ្ដោយផ្លូវលេខ៣៣៦ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សពជនរងគ្រោះឈ្មោះ ស៊ុយ សុជាតិ ភេទប្រុស អាយុ២១ឆ្នាំ ជាជនពិការគថ្លង់ ស្នាក់នៅក្បែរកន្លែងកើតហេតុ ។
ដំណើររឿងហេតុ៖ យោងតាមសម្តីស្ត្រីជាម្តាយជនរងគ្រោះ បាននិយាយរៀបរាប់ថា ជនរងគ្រោះគឺជាជនពិការគថ្លង់សព្វថ្ងៃរស់នៅ ក្រោម ការមើលថែរបស់គាត់ផ្ទាល់ ហើយនៅមុនពេលកើតហេតុនោះ ជនរងគ្រោះបានអង្គុយផឹកស្រាជាមួយអ្នកជិតខាង ។ បន្ទាប់ពីផឹកស្រាស្រវឹងជនរងគ្រោះ បានដើរចាកចេញពីកន្លែងផឹកស៊ីដែលនៅក្បែរផ្ទះរបស់ខ្លួននោះគឺជនរងគ្រោះចង់ទៅដើរលេង នៅម្ដុំចំណុចកើតហេតុ ដែលជនរងគ្រោះឧស្សាហ៍ទៅលេងកន្លងមក ។ ស្ត្រីជាម្តាយបានឃើញជនរងគ្រោះ មានសភាពស្រវឹង ក៏ឃាត់មិនឲ្យទៅប៉ុន្តែជនរងគ្រោះមិនស្តាប់នោះទេ រួចក៏បានដើរចាកចេញពីម្តាយបាត់ទៅ ។
ក្រោយពីដើរចាកចេញពីម្តាយ ជនរងគ្រោះបានទៅឈរលេងតែម្នាក់ឯង នៅមាត់ប្រឡាយទឹកស្អុយ ដោយឈរផ្អែកនិងបង្កាន់ដៃស្ពាន ។ លុះដល់វេលាកើតហេតុ ជនរងគ្រោះបានឈរផ្អែកចុះឡើងៗ ស្រាប់តែរអិលធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយដែលមានជម្រៅ ២ ទៅ៣ម៉ែត្រ ។ ភ្លាមៗនោះក៏មានប្រជាជនពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឃើញនិងស្រែកឆោឡោ ឲ្យគេឯងជួយ ខណៈពេលដែល ជនរងគ្រោះ កំពុងស្រវេស្រវានៅខាងក្នុងប្រឡាយទឹកស្អុយ ហើយបន្តិចក្រោយមកជនរងគ្រោះក៏បានលិចចូលទៅ ក្នុងទឹកស្អុយនោះបាត់ ដោយប្រជាពលរដ្ឋបានត្រឹមតែផ្អើលនាំគ្នាមកឈរចោមមើលតែប៉ុណ្ណោះ ។
បន្ទាប់មកក៏បង្កឲ្យមានការភ្ញាក់ផ្អើល ដល់សាច់ញាតិរបស់ជនរងគ្រោះ រួមជាមួយសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការអន្តរាគមន៍ និងបាននាំគ្នាធ្វើការរាវរកជនរងគ្រោះ នៅខាងក្នុងប្រឡាយទឹកស្អុយ អស់រយៈពេលជិត២ម៉ោងទើបរាវរកឃើញ និងបានស្រង់យកដាក់លើគោក ។
ភ្លាមៗនោះដែរ សាច់ញាតិរបស់ជនរងគ្រោះ ព្យាយាមជួយសង្រ្គោះបឋមធ្វើចលនាបេះដូង តែជាអកុសលជនរងគ្រោះ បានស្លាប់បាត់ទៅហើយ ។
នៅក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញបានធ្វើត្រួតពិនិត្យ ហើយបានប្រគល់សពជនរងគ្រោះ ឲ្យទៅក្រុមគ្រួសារ ដើម្បីយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់