ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នា បណ្តាលឲ្យរងការខូចខាតទាំងសងខាង នៅខណ្ឌជ្រោយចង្វា

ភ្នំពេញ: នៅវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២២ រថយន្តស៊េរីទំនើបមួយគ្រឿង បើកបរក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្ត BMW ពីក្រោយបណ្តាលឲ្យរងការខូចខាត ផ្នែកខាងក្រោយចំហៀងខាងឆ្វេងទាំងស្រុង ស្ថិតតាមបណ្តោយផ្លូវកែវចិន្តា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

នៅមុនកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក bmw ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខសៀមរាប 2B-0600 បើកបរតាមបណ្ដោយផ្លូវកែវចិន្ដា ទិសដៅពីជើងទៅត្បូង ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្កស៊េរីទំនើប ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BF-8866 បើកបរតាមបណ្តោយផ្លូវកែវចិន្តា ស្របទិសគ្នាក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្ត BMW ពីក្រោយពេញទំហឹង រងការខូចខាតមួយកំណាត់ក្រោយ ចំហៀងខាងឆ្វេងយ៉ាងដំណំ ចំណែករថយន្តបង្កនោះវិញ ក៏បានរងការខូចខាតមួយកំណាត់មុខធ្ងន់ធ្ងរ សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនមានអ្នករងរបួសនោះទេ ។

បន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចឲ្យភាគីទាំងសខាងងសម្របសម្រួលគ្នា ដោយរថយន្តបង្ក ព្រមសងជាសំណងក្នុងការជួសជុល ដើម្បីបញ្ចប់រឿងនៅនឹងន្លែងកើតហេតុ ៕

មតិយោបល់