ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ករណីធ្វើសកម្មភាពលួចរថយន្ត១គ្រឿង នៅចំណុចក្រុមហ៊ុនឆៃណាថោន

ព្រះសីហនុ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ នៅចំណុចក្រុមហ៊ុន ឆៃណាថោន ស្ថិតនៅ ភូមិ៦ សង្កាត់៤ក្រុង-ខេត្តព្រះសីហនុ មានករណីអំពើចោរកម្ម (លួចរថយន្ត) មួយបានកើតឡើង បង្កឡើងដោយជនសង្ស័យម្នាក់ ជាជនជាតិវៀតណាម ភេទប្រុស បានធ្វើសកម្មភាពលួចរថយន្ត ០១គ្រឿង ម៉ាក AUDI Q7 ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2BM-6235 ចេញពីក្រុមហ៊ុន ឆៃណាថោន ដោយបានបើករថយន្តបុកបំបាក់ប៉ារាស់សន្តិសុខ ដែលដាក់ត្រួតពិនិត្យនៅច្រកចេញ-ចូល រួចជិះគេចខ្លួនតែម្តង ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានដាក់បទបញ្ជាឲ្យ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សិលា បានដាក់កម្លាំងចាំស្ទាក់ចាប់ជនសង្ស័យ នៅតាមបណ្តោយផ្លូវជាតិលេខ៤ លុះរហូតដល់វេលាម៉ោង១៣និង៣០នាទី ជនសង្ស័យបានជិះរថយន្ត ដែលលួចបានឆ្លងកាត់ប៉ារាស់កម្លាំងសមត្ថកិច្ច ដែលដាក់ចាំស្ទាក់ចាប់ជនសង្ស័យ នៅចំណុចឃុំវាលរេញ តែជនសង្ស័យមិនព្រមឈប់ ថែមទាំងបានជិះបំបុកប៉ារាស់កម្លាំងសមត្ថកិច្ច រួចបន្តជិះគេចខ្លួន លុះដល់ចំណុចឃុំស្ទឹងឆាយ ជនសង្ស័យបានជិះបំបុកប៉ារាស់របស់កម្លាំងសមត្ថកិច្ចទៀត ហើយជនសង្ស័យបានបន្តជិះគេចខ្លួនរហូតដល់ស្រុកកំពង់សិលា ទើបកម្លាំងសមត្ថកិច្ចស្ទាក់ចាប់ឃាត់ខ្លួនជនសង្ស័យនោះបាន ។

ចំពោះជនសង្ស័យខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់ ៕

មតិយោបល់