ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូបុកផ្លាកសញ្ញាពុះចែកទ្រូងផ្លូវ ដួលអូសជាច្រើនម៉ែត្រ ត្រូវរថយន្តកិនបន្ថែមបណ្តាលឲ្យស្លាប់ភ្លាមៗ

ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូមួយគ្រឿង ធ្វើដំណើរតាមដងផ្លូវរង្វង់មូលវត្តភ្នំ ឆ្ពោះទៅមហាវិថីព្រះនរោត្តម ក៏ជ្រុលទៅបុកផ្លាកសញ្ញាព្រួញ ពុះចែកទ្រូងផ្លូវ ដួលអូសជាច្រើនម៉ែត្រ ត្រូវបានរថយន្តមួយគ្រឿង កិនបន្ថែមបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០២និង២៥នាទីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយ មហាវិថីព្រះនរោត្តម ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ សុខ ជា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ មានអាសយដ្ឋានផ្ទះលេខ A២៨អឺ១ ផ្លូវលេខ១៣០ ភូមិ២ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលហេតុការណ៍នេះបានកើតឡើង គេបានឃើញបុរសខាងលើ ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DF 6070 ជិះធ្វើដំណើរ តាមបណ្ដោយផ្លូវលេខ ៤៧ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ផ្លូវបំបែក ត្រង់ចំណុចមុខនាឡិកាវត្តភ្នំ ក៏បានជ្រុល ទៅបុកនិងផ្លាកសញ្ញា ព្រួញពុះចែកទ្រូងផ្លូវ គោលបំណងបត់ស្តាំ ឡើងទៅមហាវិថីព្រះនរោត្តម ក៏ប៉ះស្លាកសញ្ញា ដួលម៉ូតូអូសជាច្រើនម៉ែត្រ នៅពេលនោះ ក៏មានរថយន្តមួយគ្រឿង មិនចាំម៉ាក និងស្លាកលេខ ដែលបើកបរតាមបណ្ដោយមហាវិថីព្រះនរោត្តម ក្នុងទិសដៅពីត្បូង ទៅជើង បានជ្រុលកិនជនរងគ្រោះ ពីលើបន្ថែម ទើបបណ្ដាលឱ្យជនរងគ្រោះ ស្លាប់យ៉ាងអាណោចអាធ័ម ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ពិនិត្យមើលរួចរាល់ និងធ្វើការទំនាក់ទំនងទៅរកក្រុមគ្រួសារសាច់ញាតិ ឲ្យមកទទួលយកសពជនរងគ្រោះទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់