បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ផ្ទះ០១ខ្នងសង់អំពីឈើប្រកស័ង្កសី ត្រូវបានអគ្គិភ័យឆាបឆេះស្ទើរទាំងស្រុង ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១១និង៣០នាទី ព្រឹកថ្ងៃសៅរ៍ ៣ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅភូមិចកកើត ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ប្រភពពីនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ រស់ បូរ ភេទស្រី អាយុ៨៨ឆ្នាំ នៅភូមិចកកើត ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ផ្ទះធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងក្តារមានទំហំ ១២ម៉ែត្រ×៩ម៉ែត្រ ឆេះអស់ប្រហែល៨០% និងសម្ភារៈនៅក្នុងផ្ទះឆេះទាំងស្រុង មានថវិកា២០ម៉ឺនរៀល-ទូដាក់ខោអាវ២-ម៉ាស៊ីនបោកខោអាវ១គ្រឿង -ឯកសារផ្សេងៗនិងសំលៀកបំពាក់ ការខូចខាតសម្ភារៈគិតជាទឹកប្រាក់ប្រមាណ១៥ម៉ឺនបាត ។
នគរបាលបានបញ្ជាក់ថា មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី នៅក្នុងហេតុការណ៍នោះដែរ មានការជួយអន្តរាគមន៍ពីកម្លាំងនគរបាល អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាន០១គ្រឿង បាញ់ទឹកអស់០១ទ្បាន ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង មិន បណ្តាលឲ្យឆេះរាលដាលទៅផ្ទះអ្នកជិតខាងនិងពុំបង្កឲ្យមានមនុស្សរងគ្រោះថ្នាក់នោះឡើយ ៕



មតិយោបល់