ព័ត៌មានជាតិ

រថយន្តសាំយ៉ុងបុកម៉ូតូពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់និងម្នាក់ទៀតរបួសធ្ងន់

​បាត់ដំបងៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១១​និង​៣០​នាទី​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ចំណុច​ក្រុម​ទី​១៥​ ភូមិ​ជំនីក​ ឃុំ​អន្លង់​វិល​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ រវាង​រថយន្ត​និង​ម៉ូតូ​ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ និង​របួសធ្ងន់​ម្នាក់​ ។​

​លោក​វរសេនីយ៍ឯក​ ស៊ុន​ សុវណ្ណ​ អធិការ​នគរបាល​ស្រុក​សង្កែ​ បាន​រាយការណ៍​អោយ​ដឹង​ថា​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​ ពណ៌​លឿង​ ពាក់​ស្លាក​លេខ​ កំពង់ឆ្នាំង​ 2A-0745​ អ្នកបើកបរ​ឈ្មោះ​ មុំ​ សុ​ផា​ន់​ណា​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ រស់នៅ​ភូមិ​គក​ ឃុំ​ខុន​រ៉​ង​ ស្រុក​បរិបូរណ៍​ ខេត្តកំពង់ឆ្នាំង​ ។​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ​បាន​បុក​ម៉ូតូ​០១​គ្រឿង​ ម៉ាក​ហុងដា​ (​កូរ៉េ​)​ ពណ៌​ក្រហម​ ស៊េរី​ចាស់​ គ្មាន​ស្លាក​លេខ​ បើកបរ​ដោយ​ឈ្មោះ​ ស​ ទូច​ ភេទ​ប្រុស​ អាយុ​៧៥​ឆ្នាំ​ រស់នៅ​ភូមិ​ជំនីក​ ឃុំ​អន្លង់​វិល​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ (​ស្លាប់​នៅ​កន្លែង​កើតហេតុ​)​ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ឈ្មោះ​ ខន​ ប៊ុ​ន​ថៃ​ ភេទ​ប្រុស​ អាយុ​០៧​ឆ្នាំ​ រស់នៅ​ភូមិ-​ឃុំ​ជាមួយ​គ្នា​ (​រង​របួសធ្ងន់​)​ ។​

​តាម​ការ​ពិនិត្យ​កន្លែង​កើតហេតុ​ សមត្ថកិច្ច​អាច​បញ្ជាក់​បាន​ថា​ ករណី​នេះ​ បណ្តាល​មក​ពី​ម៉ូតូ​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​លុះ​ ពេល​មក​ដល់​ចំណុច​កើតហេតុ ​បត់​ឆ្វេង​ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន​ ក៏​បណ្តាល​អោយ​រថយន្ត​បើកបរ​បញ្ច្រាសទិស​គ្នា​ជ្រុល​មក​បុក​ពេញទំហឹង​តែ​ម្តង​ ។​

បច្ចុប្បន្ន​ អ្នកបើកបរ​រថយន្ត ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ ឃាត់ខ្លួន​និង​កសាង​សំណុំរឿង ​បញ្ជូន​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្តបាត់ដំបង​ រង់ចាំ​ចំណាត់ការ​តាម​ផ្លូវច្បាប់​ ។​ ចំណែក​សាកសព​ជន​រង​គ្រោះ​ សមត្ថកិច្ច​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

មតិយោបល់