ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង០១ និង១៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីអគ្គិភ័យមួយកើតឡើង បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន១៣ខ្នងផ្ទះ និងបានបំផ្លាញសម្ភារៈអស់ទាំងស្រុង រួមទាំងម៉ូតូ២គ្រឿង ស្ថិតនៅចំណុចផ្លូវបេតុង ភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដោយត្រូវបានរលត់ទៅវិញហើយ ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១២គ្រឿង ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រាប់ឲ្យដឹងថា នៅក្នុងរង្វង់នៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ រថយន្ដពន្លត់អគ្គិភ័យ ចំនួន ១២គ្រឿង ក្នុងនោះការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់៧ឡាន និងរថយន្តក្រុមហ៊ុន OCIC ជ្រោយចង្វា ចំនួន ៩គ្រឿង ប្រើប្រាស់ទឹកអស់ ៩ឡាន ។
ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ពុំបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសឡើយ ដោយនៅក្នុងគ្រោះអគ្គិភ័យខាងលើនេះ បានឆេះបំផ្លាញអស់ផ្ទះ១៣ខ្នងផ្ទះ និងម៉ូតូ២គ្រឿង ។
យ៉ាងណាមិញសម្រាប់ប្រតិបត្តិការខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការគ្រប់គ្រងបាននៅវេលាម៉ោង២ និង១៥នាទីទៀបភ្លឺ ចំពោះមូលហេតុដែលនាំឲ្យមានអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ៕
មតិយោបល់