ព័ត៌មានជាតិ

Update៖ ស្ត្រីលក់ខ្យងម្នាក់ជិះម៉ូតូឌុប ត្រូវរថយន្តបុកពីក្រោយស្លាប់ បន្សល់ទុកកូន៥នាក់ឲ្យនៅកំព្រា

ភ្នំពេញៈ ស្ត្រីជាអ្នកលក់ខ្យងក្តាមម្នាក់បានស្លាប់ បន្ទាប់ពីមានរថយន្តធុនធំសណ្តោងរ៉ឺម៉កបើកបុក ពីក្រោយរុញផ្ទប់ និងរថយន្តមួយគ្រឿងទៀត បណ្តាលឲ្យបែកក្បាលស្លាប់ ខណៈជនរងគ្រោះកំពុងឈប់ម៉ូតូរង់ចាំស្តុប ចំណែកបុរសដែលជាអ្នកឌុបរងរបួសស្រាល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កាលពីវេលាម៉ោង០២និង៣០នាទីរសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចស្តុប៥០ម៉ែត្រកែងនឹងផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

តាមប្រភពពីអ្នកស្គាល់ស្ត្រីខាងលើ បានប្រាប់ថា ជនរងគ្រោះមានឈ្មោះ ឈាង សុផា អាយុជាង៤០ឆ្នាំ មុខរបរលក់ខ្យងក្តាម មានទីលំនៅម្តុំទន្លេបាទី ខេត្តតាកែវ មានប្តីនិងកូនប្រុសស្រី៥នាក់ក្នុងបន្ទុក ។

បើតាមសម្តីរបស់លោកពូ ហែម សុខេន អាយុ៥៧ មុខរបររត់ម៉ូតូឌុបជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ ស៊េរី២០២០ ពាក់ស្លាកលេខកណ្តាល ១AG-1067 ដែលឌុបស្ត្រីរងគ្រោះ បានរៀបរាប់ថា មុនពេលកើតហេតុ គាត់បានឌុបស្ត្រីខាងលើ ចេញពីផ្សារតាខ្មៅ ដើម្បីទៅផ្ទះស្ត្រីរងគ្រោះនៅម្តុំទន្លេបាទី ខណៈមកដល់ចំណុចកើតហេតុពួកកាត់បានឈប់រង់ចាំស្តុប ស្របគ្នានោះក៏មានរថយន្តបង្កសណ្តោងរ៉ឺម៉កម៉ាក FUSO ពណ៌ក្រហម ពាក់ស្លាកលេខព្រះសីហនុ 3A-7070 បើកមកពីក្រោយ កៀររថយន្ត១គ្រឿង និងជ្រុលបុកម៉ូតូគាត់ រុញផ្ទប់នឹងរថយន្តមួយគ្រឿងទៀតម៉ាក ISUZU ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AO-8139 បណ្តាលឲ្យស្ត្រីរងគ្រោះបែកក្បាលធ្លាយខួរស្លាប់តែម្តង រីឯគាត់ជាអ្នកឌុបខ្ទាតចេញមកក្រៅរងរបួសស្រាល ។ ភ្លាមៗ ក្រោយបង្កតៃកុងរថយន្ត បានបើកទ្វាររត់គេចខ្លួនបាត់ បន្ទាប់មកបុរសរត់ម៉ូតូឌុប បានទាក់ទងក្រុមគ្រួសារឲ្យបានដឹងពីដំណឹងនេះ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះវាស់វែង និងធ្វើឯកសារប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុក ចំណែករថយន្តនិងម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ខេត្តរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ៕

មតិយោបល់