ភ្នំពេញៈ បុរសម្នាក់ បានបែកដើមទ្រូងស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូលឿន បុករថយន្តកុងតឺន័រ១គ្រឿង បត់ឆ្លងផ្លូវ។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២០ ត្រង់ចំណុចមុខបុរីប៉េងហួត តាមដោយផ្លូវ ៥៩៨ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះ (ស្លាប់)ឈ្មោះ សេង វាសនា ភេទប្រុសអាយុ ៣២ ឆ្នាំ មុខរបរសិស្សនៅសាលាគរុកោសល្យវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ស្នាក់នៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ មានស្រុកកំណើត នៅឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ចំណែកអ្នករងរបួសធ្ងន់ឈ្មោះ សៀម សុរ: ភេទប្រុស អាយុ ២១ ឆ្នាំ ស្នាក់នៅជាមួយគ្នា មុខរបរដូចគ្នា មានស្រុកកំណើត ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
តាមប្រភពព័ត៌មានពីបុរសជាសន្តិសុខម្នាក់ ដែលនៅយាមក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគាត់ឃើញបុរសពីរនាក់ ជិះម៉ូតូ១គ្រឿង ម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ ២០១៧ ពណ៌ខ្មៅ ពាក់ផ្លាក ពោធិ៍សាត់ 1G-8899 ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយផ្លូវ ៥៩៨ ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តកុងតឺន័រ១គ្រឿង មិនចាំផ្លាកលេខ បើកបរបញ្រ្ចាសទិសដៅគ្នា បានបត់ឆ្វេងដៃ ចូលទៅផ្លូវបេតុងឆ្ពោះទៅទិសខាងកើត បានវាក់អើចាប់ហ្វ្រាំង ធ្វើឲ្យម៉ូតូដួលអូសជាច្រើនម៉ែត្រ ទៅបុកនឹងរថយន្តពេញទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់ភ្លាមៗ នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះផងដែរ។ ចំណែករថយន្តកុងតឺន័រ បានបើកបន្តទៅមុខទៀតបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ ក៏ទាក់ទងជំនាញ ចុះធ្វើការវាស់វែង យកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន រីឯសព ពេលធ្វើកំណត់ហេតុរួច ប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់