ភ្នំពេញៈ នៅវេលាម៉ោង ១១ និង ៤០ នាទីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ម៉ូតូហុងដាឌ្រីមមួយគ្រឿង ជិះក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលបុករថយន្ត Audi Q7 កំពុងបើកឆ្លងកាត់ផ្លូវចំពាក់កណ្តាល ពេញកំហឹង បណ្តាលឲ្យរងរបួសធ្ងន់ស្រាលចំនួន០៣នាក់ ទីតាំងស្ថិតតាមបណ្ដោយផ្លូវ1007 កែងនឹងផ្លូវ1980 ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាក Audi Q7 ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2I-0888 ធ្វើដំណើរតាមបណ្ដោយផ្លូវ1007 ទិសដៅពីកើតទៅលិច ។ លុះដល់ចំណុចកើតហេតុ រថយន្តបានបើកឆ្លងកាត់ផ្លូវ 1007 ពេលឆ្លង បានពាក់កណ្ដាលផ្លូវ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1L-1825 បើកដោយបុរស០៣នាក់ តាមបណ្ដោយផ្លូវ 1007 ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនជ្រុលទៅបុកចំទ្វារខាងក្រោយចំហៀង ខាងស្ដាំរថយន្តពេញទំហឹង បណ្ដាលឲ្យរងការខូចខាតនិងបណ្ដាលឲ្យអ្នកបើកបរម៉ូតូ ០២នាក់រងរបួសសន្លប់ស្តូកស្តឹងនិងម្នាក់ទៀត របួសស្រាល ចំណែកឯម៉ូតូបានរងការខូចខាតវៀចបូមផ្នែកខាងមុខ ។ ភ្លាមៗនោះរថយន្តព្យាយាមបើកទៅមុខចេញពីកន្លែងកើត ហេតុបាន200 ម៉ែត្រ ត្រូវប្រជាពលរដ្ឋស្ទាក់ចាប់បាន ។ បន្ទាប់មករថយន្តឯកជនសម្ភពពន្លឺបានមកដឹកជនរងគ្រោះទាំង០៣នាក់ទៅ សង្គ្រោះភ្លាម ។
នៅក្រោយពេលកើតហេតុ រថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញ វាស់វែងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់បន្តទៀត ៕
មតិយោបល់