ភ្នំពេញៈ អគ្គិភ័យមួយបានឆាបឆេះហាងបាបារាំង មួយកន្លែង បណ្តាលមកពីការផ្សារដែកធ្លាក់កម្ទេចភ្លើងបង្កជាអគ្គិភ័យ ដោយនៅក្នុងគ្រោះអគ្គិភ័យខាងលើនេះ គឺមិនបានបណ្តាលឲ្យមានអ្នករងរបួសឡើយ។
ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ដែលស្ថិតនៅចំណុចផ្ទះលេខ២៨ ផ្លូវ១៣៦ ក្រុម១៧ ភូមិ១២ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រលត់ទៅវិញហើយ ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៦គ្រឿង។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងខាងលើ មានឈ្មោះ ស៊ុម លាភ ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរ ម្ចាស់ហាង Amazing។
សមត្ថកិច្ចបានបន្តទៀតថា ដោយនៅក្នុងរង្វង់នៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន ៦គ្រឿង ក្នុងនោះការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ៤គ្រឿង ប្រើប្រាស់ទឹកអស់ ៤ឡាន និងរថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ។
លោកបានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ពុំបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសឡើយ គ្រាន់តែបំផ្លាញសម្ភារៈពិដានខាងលើ និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងទេ។
យ៉ាងណាមិញសម្រាប់ប្រតិបត្តិការខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការគ្រប់គ្រងបាននៅវេលាម៉ោង ១១ព្រឹកនាថ្ងៃខែដដែរ៕
មតិយោបល់