ព័ត៌មានជាតិ

រថយន្តកូរេដឹកត្រីមួយគ្រឿង បើកគេចម៉ូតូកង់បីរេចង្កូតឡើងសួនច្បារ បុកបង្គោលភ្លើងក្រឡាប់ផ្ងារជើង

ភ្នំពេញ: នៅវេលាម៉ោង០៩និង០០នាទីយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកូរេដឹកត្រីមួយគ្រឿង បើកបរលឿនខ្វះការប្រុងប្រយ័ត្ន គេចម៉ូតូកង់បីមួយគ្រឿង រេចង្កូតជ្រុលទៅឡើងខឿន សួនច្បារពុះចែកទ្រូងផ្លូវ បុកបង្គោលភ្លើងបាក់មួយដើម បណ្តាលឲ្យក្រឡាប់ផ្ងារជើង ចាក់ត្រីចោលពេញផ្លូវ ទីតាំងកន្លែងកើតហេតុ ស្ថិតត្រង់ចំណុចក្បែរវត្តខ្មួញ តាមបណ្ដោយផ្លូវហាណូយ សង្កាត់ខ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តកូរេដឹកត្រីមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខកំពង់ឆ្នាំង 3A-0744 បើកធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ មានទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ រថយន្តបានអក់ហ្សើជាមួយនឹងម៉ូតូកង់បីមួយគ្រឿងមិនចាំម៉ាក ដែលបើកបម្រុងបត់ឆ្លងផ្លូវ ពេលនោះតៃកុងរថយន្តកាច់ចង្កូតទៅខាងឆ្វេងគេចពីម៉ូតូកង់បី រួចក៏ជ្រុលទៅឡើងខឿនសួនច្បារពុះចែកទ្រូងផ្លូវ និងបុកបង្គោលភ្លើងដើមបាក់ដួលដល់ដី ។ ចំណែកឯរថយន្តបានខ្ទាតឆ្លងទៅផ្លូវម្ខាងទៀតក្រឡាប់ផ្ងារជើង ចាក់ត្រីជិត៥តោនរាយប៉ាយពេញផ្លូវ បណ្តាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ ។ បន្ទាប់មកសមត្ថកិច្ចជំនាញចុះមកអន្តរាគមន៍ ។

នៅក្រោយពេលកើតហេតុ មានរថយន្តដឹកត្រីផ្សេងទៀត បានមកធ្វើការប្រមូលសាងយកត្រី ដោយឡែករថយន្តបង្កត្រូវបានសមត្ថកិច្ចវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់ ៕

មតិយោបល់