ភ្នំពេញៈ នៅថៃ្ងទី០៥ ខែមីនា ឆាំ្ន២០២២ កម្លាំងតាមផ្នែកជំនាញ និងកម្លាំងប៉ុស្ដិ៍ បានចេញល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន នៅចំណុចផ្លូវបេតុង ភូមិជ័យជំនះ សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ បង្ការបង្រ្កាបរាល់បទល្មើសផ្សេងៗ លុះវេលាម៉ោងប្រហែល១៦និង០០នាទី ក៏មានការរាយការណ៍ពីប្រជាពលរដ្ឋថា មានករណីឆក់កាបូប ភ្លាមនោះលោកអធិការបានបញ្ជាកម្លាំងកំពុងល្បាត ឃាត់បានជនសង្ស័យចំនួន០២នាក់ ឈ្មោះ អុល រ៉ូហ្សា និងឈ្មោះ លី ឆវ័ន្ដ រួមទាំងវត្ថុតាងកាបូបរបស់ជនរងគ្រោះ និងមធ្យោបាយ (ម៉ូតូរបស់ជនសង្ស័យ) នាំយកមកសាកសួរ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលឪឡោក ។
រហូតដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១៥និង០០នាទី លោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងផ្នែកជំនាញ ឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ងួន តូនី ជាអ្នកបើកម៉ូតូបិទគូទពីក្រោយ ។
ករណីខាងលើនេះ សមត្ថកិច្ចឃាត់ជនសង្ស័យបានចំនួន០៣នាក់៖ ទី១-ឈ្មោះ អុល រ៉ូហ្សា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅបន្ទប់ជួល ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួនគ្មានសារធាតុញៀន) ។ ទី២-ឈ្មោះ លី ឆវ័ន្ដ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ (ឃាត់ខ្លួន គ្មានសារធាតុញៀន) ។ ទី៣-ឈ្មោះ ងួន តូនី ហៅ សាន់នី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ (ឃាត់ខ្លួន គ្មានសារធាតុញៀន) ។
វត្ថុតាងចាប់យក៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរី២០២០ ពណ៌ខ្មៅ កាំបន្ទះពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 1K-6401, កាបូបចំនួន០១ ពណ៌ខ្មៅ ជារបស់ជនរងគ្រោះ ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់