ព័ត៌មានជាតិ

បុរសម្នាក់រាយខ្សែភ្លើងឆក់ត្រី ភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់ នៅកណ្តាលវាល

ភ្នំពេញ: ករណីបុរសម្នាក់បានរាយខ្សែភ្លើងយកទៅឆក់ត្រីតែភ្លាត់ស្នៀតឆក់ស្លាប់ខ្លួនឯងទៅវិញ តែក្រុមគ្រួសារ បងប្អូន មិនអស់ចិត្តដឹកតាមម៉ូតូយកទៅមន្ទីរពេទ្យ ត្រូវបានគ្រូពេទ្យបញ្ជាក់ថា ស្លាប់បាត់ហើយ ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង១៥នាទីព្រឹកថ្ងៃទី១១ ខែមិនា ឆ្នាំ២០២២ នៅក្នុងភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ វណ្ណា ធី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធឈ្មោះ ជា ស្រីប៉ុច អាយុ ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ក្នុងភូមិកើតហេតុ មានស្រុកកំណើត ស្រុកព្រះស្តេច ខេត្តព្រៃវែង។

តាមប្រភពពីបងប្អូនសាច់ញាតិបានឲ្យដឹងថា ជនរងគ្រោះថ្ងៃនេះ ខាងកន្លែងធ្វើការមិនបានបើកប្រាក់ឈ្នួលឲ្យទេ ទើបមិនបានទៅធ្វើការងារ ចំណែកប្រពន្ធចេញទៅធ្វើការបាត់ សល់តែជនរងគ្រោះ និងកូនតូចៗ ចាំបន្ទប់ ព្រោះតែទំនេរ ជនរងគ្រោះបានតរាយខ្សែភ្លើងចេញពីបន្ទប់ ទៅឆក់ត្រីក្នុងទឹកត្រពាំង ខាងក្រោយជាប់ផ្ទះជួល តែម្នាក់ឯង គ្មានអ្នកណាចុះទៅជាមួយ លុះដល់វេលាម៉ោង៩និង១៥នាទីព្រឹក ដោយបាត់មិនឃើញជនរងគ្រោះឡើងមកវិញ ដើរទៅអើតមើល ប្រទះឃើញជនរងគ្រោះ ដេកដួល ក្នុងទឹកបាត់ទៅហើយ ទើបផ្អើលឆោឡោ ស្រង់ឡើងគោកដឹកតាមម៉ូតូ ទោះជាគេប្រាប់ថាស្លាប់ហើយក៏ដោយ តែមិនអស់ចិត្ត ដឹកយកទៅមន្ទីរ ទើបគ្រូពេទ្យបញ្ជាក់ប្រាប់ថា ស្លាប់ហើយ រួចតម្កល់ទុកនៅមន្ទីរពេទ្យ រង់ចាំសមត្ថកិច្ចជំនាញ ពិនិត្យកោសល្យវិច័យ រួចបន្តដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

មតិយោបល់