ព័ត៌មានជាតិ

ករណីទុស្សេខ្សែភ្លើង បង្កជាអគ្គិភ័យឆាបឆេះផ្ទះមួយខ្នង ខូចខាតទាំងស្រុង

កំពង់ចាមៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៤ និង៣០នាទី បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍ថាមាន ករណីអគ្គិភ័យ(ភ្លើងឆេះផ្ទះ) ប្រជាពលរដ្ឋ នៅចំណុចផ្ទះឈ្មោះ​ អែម​ យ៉េកណា​ ភេទស្រី​ អាយុ ៥០ឆ្នាំ ស្ថិតក្នុងភូមិសំបួរមាស សង្កាត់សំបួរមាស ក្រុងកំពង់ចាម ភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យកម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ ដឹកនាំផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី មិន សុគន្ធវិបុល ស្នងការរងទទួលផែនគ្រប់គ្រងអាវុធគ្រឿងផ្ទុះ​ និងអគ្គិភ័យ ព្រមទាំងកម្លាំងរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម​ ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ឹង ប៊ុន អធិការនគរបាល និងកម្លាំងប៉ុស្តិ៍រដ្ឋបាលសំបួរមាស​ រួមជាមួយអាជ្ញាធរភូមិ សង្កាត់ និងប្រជាការពារ ចុះទៅអន្ដរាគមន៍ជួយពន្លត់បានទាន់ពេលវេលា មិនបង្កឲ្យឆេះរាលដាលទៅផ្ទះប្រជាពលរដ្ឋផ្សេងទៀត ។

ក្នុងករណីខាងលើនេះ បង្កឲ្យមានការខូចខាតដូចខាងក្រោម៖
-ផ្ទះ០១ខ្នង ទំហំ ៧ម៉ែត្រ × ១២ម៉ែត្រ សង់អំពីឈើ ប្រក់ក្បឿង ជញ្ជាំក្ដា (ឆេះអស់ទាំងស្រុង)
-ឆេះរថយន្ត​០១គ្រឿង​ទាំងស្រុង ម៉ាក​ប្រូស​
-តុឈើ ចំនួន​ ០២
​-កៅអីឈើ ចំនួន​ ០២​
​-គ្រែឈើ​ ចំនួន​ ០២និងសម្ភារ:ប្រើប្រាស់ទាំងអស់នៅក្នុងផ្ទះ ម្ចាស់ផ្ទះឈ្មោះ​ អែម​ យ៉េកណា​ ភេទស្រី​ អាយុ ៥០ឆ្នាំ​ មុខរបរ​ លក់ដូរ​ នៅភូមិ-សង្កាត់ខាងលើ និងមិនមានប៉ះពាល់ រឺរបួសមនុស្សណាម្នាក់ឡើយ ។

មូលហេតុគឺបណ្ដាលមកពីទុស្សេខ្សែភ្លើង ។

ករណីអគ្គិភ័យខាងលើនេះ បានរលត់អស់១០០% នៅវេលាម៉ោង ១៥ និង៣០នាទី នាថ្ងៃខែឆ្នាំដដែលនេះ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៤គ្រឿង (រថយន្តស្នងការដ្ឋានខេត្ត០៣គ្រឿង និងរថយន្តអគ្គិភ័យស្រុកកំពង់សៀម០១គ្រឿង) ប្រើប្រាស់អស់ទឹកចំនួន០៧រថយន្ត ៕

មតិយោបល់