កំពង់ចាមៈ យោងតាមផេក GRK News បានឲ្យដឹងថា នៅវេលាម៉ោង០៩ និង៣០នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានទទួលពាក្យបណ្តឹង០១ច្បាប់ របស់ជនរងគ្រោះឈ្មោះ ឆាន សុផៃ ភេទប្រុស អាយុ ៣៣ ឆ្នាំ រស់នៅភូមិអូរធ្នង់ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ប្តឹងឈ្មោះ តួយ ភេទប្រុស អាយុប្រហែល ៤៧ ឆ្នាំ រស់នៅភូមិរលួស ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានធ្វើសកម្មភាពយកដំបងឈើចំនួន ០១ ដើម និងដុំថ្មប្រហែល ០៣ ដុំបានគប់ និងវាយមកលើជនរងគ្រោះ តែមិនបណ្តាលឱ្យរងរបួសទេ ក្រោយពីដេញវាយជនរងគ្រោះរួច ជនសង្ស័យបានយកឡាន០១គ្រឿងម៉ាក ឡុចស៊ីស 470 ពណ៌ខ្មៅមិនចាំស្លាកលេខ ដេញបុកទៅលើជនរងគ្រោះខាងលើ តែមិនបណ្តាលឱ្យរងរបួសទេ នៅចំណុចភូមិរលួស ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីវេលាម៉ោង ០៨ និង១០ នាទី ថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២២ ។
ក្រោយពីទទួលបណ្តឹងរួច ដោយយោងបទបញ្ជារបស់លោកឧត្ដមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានបញ្ជាឱ្យកម្លាំងជំនាញ ចុះធ្វើការលើពាក្យបណ្តឹងខាងលើ លុះដល់វេលាម៉ោង ១០ និង៣០នាទី ថ្ងៃទី ខែឆ្នាំដដែល លោក វរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានដឹកនាំកម្លាំងចុះដល់ចំណុចហាងបាយយីហោសួរគារ ស្ថិតក្នុងភូមិខ្វាវ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ាន ឌឿន ហៅ តួយ ភេទប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដូនធី ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម យកមកសាកសួរ ។
បច្ចុប្បន្នកម្លាំងជំនាញ បានបញ្ជូនជនសង្ស័យខាងលើ តាមនីតិវិធី ៕
មតិយោបល់