ព័ត៌មានជាតិ

កម្លាំងនគរបាលក្រុងពោធិ៍សាត់ ចុះបង្រ្កាបក្រុមក្មេងទំនើងបង្កអសន្តិសុខ ចំនួន៣ករណីនៅកន្លែងផ្សេងគ្នា

ពោធិ៍សាត់: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កាលពីយប់ថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានចុះបង្រ្កាបក្មេងទំនើង បង្កអសន្តិសុខសណ្ដាប់ធ្នាប់សាធារណ: នៅក្រុងពោធិ៍សាត់ចំនួន០៣ករណី នៅកន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយ ។

តាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាន បានចុះល្បាតបង្រ្កាបនឹងឃាត់ខ្លួនក្មេងទំនើងចំនួន៣ក្រុម មានគ្នាចំនួន១០នាក់ និងវត្ថុតាងម៉ូតូចំនួន០៦គ្រឿង ដាវចំនួន០២ ដើម កាំបិតប៉័ងតោចំនួន០១ នៅកន្លែងផ្សេងគ្នា ។

ករណីទី១-នៅចំណុចលើផ្លូវជាតិលេខ៥ ស្ថិតនៅភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះ ហែម វណ្ណះ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

២-ឈ្មោះ កែវ ប៊ុនថៃ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិក្រាំងតាសែន សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ និងវត្ថុតាងដាវចំនួន០១ដើម នៅវេលាម៉ោង១១និង៣០នាទីនៅថ្ងៃដដែល ។

ករណីទី២-នៅចំណុចគល់ស្ពានថ្មត្រោយខាងកើត ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះ ម៉ៅ សំណាង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

២-ឈ្មោះ ធូយ គឹមលេង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិបឹង ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងវត្ថុតាងកាំបិតប៉័ងតោ ចំនួន០១ វេលាម៉ោង១១និង៥៥នាទីនៅថ្ងៃដដែល ។

ករណីទី៣-នៅចំណុចផ្សារភួពុយ ស្ថិតនៅភូមិពោធិតាកួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យចំនួន០៦នាក់៖ ១-ឈ្មោះ បឿន ពិសិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិដូងជ្រុំ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

២-ឈ្មោះ ញ៉ែម គីលី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិស្វាយអាត់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
៣-ឈ្មោះ យ៉ុង សម្រស់ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិចម្ការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
៤-ឈ្មោះ ហៃ គឹមអេង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
៥-ឈ្មោះ វន្ត ទិត្យ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិក្រាំងពភ្លាក់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
៦-ឈ្មោះ ហេង ចាន់វិច្ជិកា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិដប់បាត សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ និងវត្ថុតាងម៉ូតូចំនួន០៦គ្រឿង ដាវចំនួន០១ដើម កាលពីយប់ថ្ងៃទី១៣រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១២និង៣០នាទីយប់ ។

បច្ចុប្បន្នជនសង្ស័យទាំង១០នាក់ រួមនឹងវត្ថុតាងសមត្ថកិច្ច បានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ រង់ចាំការដោះស្រាយតាមនីតិវិធី ៕

មតិយោបល់