បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង២០និង០០នាទី ត្រង់ចំណុចផ្លូវវិស្វ័កកម្មក្រាលគ្រួសភ្នំ ស្ថិតក្នុងភូមិអន្លង់មៀន ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន០១លើក រវាងម៉ូតូនិងម៉ូតូ បណ្តាលអោយមនុស្សចំនួន០៤នាក់ រងរបួសធ្ងន់ស្រាល និងស្លាប់ ០១នាក់ ។
លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានរាយការណ៍អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1P-2128 បើកបរដោយឈ្មោះ ជា វុទ្ធី ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិអន្លង់មៀន ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (របួសស្រាល គ្មានមួក) បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាពីលិចទៅកើតមក ។ លុះមកដល់ចំណុចកើតហេតុ បានប៉ះទង្គិចជាមួយម៉ូតូ០១គ្រឿងទៀត ម៉ាកហុងដាស៊េរីចាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1C-4551 បើកបរដោយឈ្មោះ ផល រុំ ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅធ្វើកម្មករបណ្ដោះអាសន្ន រស់នៅភូមិអន្លង់មៀន ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (ស្លាប់នៅនិងកន្លែងកើតហេតុ គ្មានមួក) និងអ្នករួមដំណើរចំនួន ០៣នាក់ ១.ឈ្មោះ រុំ សុរ៉ា ភេទប្រុស អាយុ០៨ឆ្នាំ (របួសស្រាល គ្មានមួក) ២.ឈ្មោះ រុំ សុណា ភេទប្រុស អាយុ០៥ឆ្នាំ (របួសធ្ងន់ បាក់ជើងខាងស្ដាំ គ្មានមួក) ៣.ឈ្មោះ ផល ទូច ភេទស្រី អាយុ៣០ឆ្នាំ (របួសស្រាល គ្មានមួក) អ្នកទាំង៣នាក់រស់នៅភូមិអន្លង់មៀន ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
ក្រោយពីសមត្ថកិច្ចចុះត្រួតពិនិត្យ និងវាស់វែងកន្លែងកើតហេតុរួច អាចបញ្ជាក់បានថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយភាគីខាងម៉ូតូហុងដា០១៧ បើកក្នុងល្បឿនលឿនមិនប្រកាន់ស្ដាំ ទើបបណ្ដាលអោយបុកចំពីមុខម៉ូតូសង់ស៊េរីចាស់តែម្តង ។
បច្ចុប្បន្ន នគរបាលស្រុកបានបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះទៅមណ្ឌលសុខភាពសាមគ្គី រីឯសាកសពជនងរងគ្រោះ ប្រគល់ជូនគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី ។
ចំពោះវត្ថុតាងម៉ូតូទាំង០២គ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញ រង់ចាំចាត់ការតាមនីតិវិធី ៕
មតិយោបល់