ព័ត៌មានជាតិ

Update៖ សង្ស័យភ្លើងប្រច័ណ្ឌ! ទើបបុរសជាប្តីសម្លាប់ប្រពន្ធ បន្សល់ទុកកូនស្រី៣នាក់ឲ្យនៅកំព្រា រួចទៅប្រាប់សមត្ថកិច្ចដោយខ្លួនឯង

ភ្នំពេញ: កាលពីវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ មានករណីស្រ្តីម្នាក់ ត្រូវប្តីសម្លាប់នៅក្នុងបន្ទប់ជួលលេខ៦ ជាន់ទី២ នៃផ្ទះលេខ១២៣ ក្រុមទី៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់មកបុរសជាប្តីរត់គេចខ្លួនបាន៤ថ្ងៃក្រោយ ទើបចូលខ្លួនសារភាពប្រាប់សមត្ថកិច្ច នៅឯអធិការដ្ឋាននគរបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ ទើបបែកធ្លាយរឿង ផ្អើលដល់សមត្ថកិច្ចខណ្ឌសែនសុខ រាជធានីភ្នំពេញ ចុះទៅពិនិត្យមើលទីតាំងកើតហេតុ ទើបប្រទះឃើញសពស្ត្រីជាប្រពន្ធ ដេកស្លាប់ក្នុងបន្ទប់ជួលឡើងធុំក្លិនស្អុយទៅហើយ ។

ស្រ្តីរងគ្រោះមានឈ្មោះ ហៀង ស្រីជាតិ អាយុ២៦ឆ្នាំ ស្នាក់នៅភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានកូនស្រី៣នាក់ មានស្រុកកំណើត ភូមិស្វាយត្បូង ឃុំស្វាយសាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ចំណែកប្តីជាជនដៃដល់ មានឈ្មោះ រ័ត្ន វិជ្ជា អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុតែម្នាក់ឯង មានស្រុកកំណើតនៅឯភូមិកណ្តាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិសាត់ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា អ្នកទាំង២ បានរៀបការរយៈពេលជិត១០ឆ្នាំមកហើយ ហើយមិនដឹងថា ពួកគេទាំង២នាក់ មានបញ្ហាទំនាស់រឿងអ្វី ទើបឈានដល់កើតរឿងឃាតកម្មបែបនេះ ។ ប្រភពបន្តទៀតថា នៅផ្ទះជួលចំណុចខាងលើ ស្នាក់នៅតែប្តីទេ ចំណែកព្រន្ធនៅកន្លែងផ្សេងឯសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ប្រភពបន្តទៀតថា ប្តីប្រពន្ធខាងលើកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ បាននាំគ្នាទៅលេងម្តាយឯស្រុកកំណើត លុះវិលមកវិញ បុរសជាប្តីសូមឲ្យប្រពន្ធទៅស្នាក់នៅក្នុងបន្ទប់ជួលជាមួយ មួយយប់ ហើយក៏បាត់ដំណឹងឈឹងតែម្តង ទាល់តែជនដៃដល់ជាប្តីរត់ទៅសារភាពប្រាប់សមត្ថកិច្ចឯស្រុកក្រគរ ខេត្តពោធិ៍សាត់ទើបភ្ញាក់ផ្អើលតែម្តង ។

ប្រភពពីពលរដ្ឋក្បែរខាងបានឲ្យដឹងថា កាលពីយប់មុនថ្ងៃកើតហេតុ គេឃើញស្រ្តីជាប្រពន្ធទៅដេកបន្ទប់ជួលជាមួយប្តី ហើយក៏គ្មានអ្នកណាចាប់អារម្មណ៍ដែរ ព្រោះឃើញចាក់សោជិត រហូតដល់សមត្ថកិច្ចខេត្តពោធិ៍សាត់ ទូរស័ព្ទប្រាប់សមត្ថកិច្ចខណ្ឌសែនសុខ នៅព្រឹកថ្ងៃនេះទើបភ្ញាក់ផ្អើល សមត្ថកិច្ចចុះឆែកមើលតែម្តង ។

ករណីខាងលើ កម្លាំងសមត្ថកិច្ច មូលដ្ឋានជំនាញចុះទៅពិនិត្យកោសល្យវិច័យឃើញថា ពិតជាករណីឃាតកម្ម ប្តីសម្លាប់ប្រពន្ធ ហើយរត់គេចខ្លួន ។

ក្រោយពិនិត្យរួចសពត្រូវបានប្រគល់ឲ្យសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ចំណែកជនដៃដល់សមត្ថកិច្ច នាំមកផ្នែកជំនាញខណ្ឌសែនសុខវិញ ជាកន្លែងកើតហេតុ ដើម្បីកសាងសំណុំរឿងចាត់ការបន្ត ៕

មតិយោបល់