ភ្នំពេញៈ ក្រោយពីសមត្ថកិច្ចខណ្ឌដង្កោបញ្ជូនខ្លួនជនសង្ស័យឈ្មោះ ហ៊ត ចិន ដែលជាប់ពាក់ព័ន្ធករណីក្លែងឯកសារពន្ធដារ មកតុលាការក្រុងភ្នំពេញតាំងពីព្រឹកថ្ងៃទី២៧ ម្សិលមិញ រហូតមកដល់ម៉ោង១២ថ្ងៃត្រង់ ទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ លោក ចែ សុង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅមិនទាន់សម្រេចចោទប្រកាន់លើជនសង្ស័យពីបទអ្វីនៅឡើយទេ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីសមត្ថកិច្ចខណ្ឌដង្កោ។
ដោយឡែកលោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏មិនទាន់អាចសុំការបញ្ជាក់បានដែរ ដោយលោកគ្រាន់តែឆ្លើយតបនៅក្នុងបណ្តាញទំនាក់ទំនងសង្គម Telagram ថា អយ្យការបានទទួលសំណុំរឿងនេះហើយ កំពុងចាត់ការ លោកនឹងជូនព័ត៌មានបន្ថែមនៅថ្ងៃនេះ ប៉ុន្តែដំណឹងគឺនៅមិនទាន់ផ្តល់នៅឡើយទេ។
គួររំលឹកថា ជនសង្ស័យ ឈ្មោះ ហ៊ត ចិន អាយុ២១ឆ្នាំ មុខរបរ និស្សិតឆ្នាំទី៣ ផ្នែកសេដ្ឋកិច្ចនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅនៅចំណុច ដីឡូតិ៍មួយកន្លែង តាមបណ្ដោយផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ គ្រាដែលជនសង្ស័យកំពុងជិះម៉ូតូម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ1FB-7917។
ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូត ឯកសារពាក់ព័ន្ធនឹងពន្ធដារក្លែងក្លាយមួយចំនួនរួមមាន៖ -ប័ណ្ណបើកបរចំនួន២០ច្បាប់ -ប័ណ្ណ តរួតពិនិត្យបច្ចេកទេសរថយន្ត (ឈៀក) ចំនួន១ច្បាប់ -ពន្ធនាំរថយន្តចូល (ម្ញ៉ែត) ចំនួន១៣ច្បាប់ -ប័ណ្ណ សម្គាល់ យានយន្ត (កាតគ្រី) ចំនួន៦ច្បាប់ -ប័ណ្ណបង់ពន្ធមធ្យោបាយដឹកជញ្ជូន (ពន្ធផ្លូវ) ចំនួន១៥ច្បាប់ -សម្ភារៈផលិតក្រដាសពន្ធក្លែងក្លាយមួយចំនួនធំ។
បើយោងតាមរបាយការណ៍របស់សមត្ថកិច្ច ជនសង្ស័យឈ្មោះ ហ៊ត ចិន បានសារភាពថា រូបគេបានផលិត និងក្លែងឯកសារសាធារណៈ ក្លែងត្រា ប្រើប្រាស់ ឯកសារក្លែងក្លាយបែបនេះអស់រយៈពេល៧ខែមកហើយ ដោយរូបគេបានទៅរៀន និងទិញម៉ាស៊ីនផលិត មកពីប្រទេសវៀតណាម ក្នុងតម្លៃប្រហែលជាង១ម៉ឺនដុល្លារ។ របាយការណ៍ដដែលបញ្ជាក់ថា ក្រោយរូបគេផលិតបានឯកសារក្លែងក្លាយទាំងអស់គ្រប់ចំនួនកំណត់ តាមតម្រូវការភ្ញៀវរួច រូបគេយកទៅឱ្យភ្ញៀវក្នុងតម្លៃពី១០០០ដុល្លារ ទៅ ២៥០០ដុល្លារ និងមានតម្លៃផ្សេងៗទៀតទៅតាមឯកសារជាក់ស្តែង៕
https://youtu.be/_OkiHRzLBzI
មតិយោបល់