ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តស៊េរីទំនើប បុកម៉ូតូនិងបង្គោលភ្លើង បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ស្រាល

ភ្នំពេញ: នៅវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តស៊េរីទំនើប KIA បើកបុកម៉ូតូនិងបង្គោលភ្លើង បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល២នាក់ ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក WAVE ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IY-2480 ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីលិចមកកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាក KIA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AG-9574 ធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនលឿន និងបានកៀរម៉ូតូ បណ្ដាលឲ្យដួល រីឯរថយន្តបង្កបានរេចង្កូតទៅបុកបង្គោលភ្លើង បាក់អស់មួយដើម រថយន្តខ្ទេចខាងមុខ និងបណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់ស្រាល ។

នៅក្រោយពេលកើតហេតុ ជនរងគ្រោះ២នាក់ ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះ ។ បន្ទាប់មកសមត្ថកិច្ចចុះមកដល់ធ្វើការវាស់វែង យករថយន្តបង្កនិងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់