ព័ត៌មានជាតិ

ទំនិញចំនួន៣០២គីឡូក្រាម និងអាល់កុលក្លែងក្លាយ៧៥លីត្រ ត្រូវបានមន្រ្តីជំនាញរកឃើញ និងដកហូតយកមកកម្ទេចចោល

រតនគិរីៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តរតនគិរី និងរាជធានីភ្នំពេញ បានបន្តសកម្មភាពត្រួតពិនិត្យ ទំនិញគ្រប់ប្រភេទ ដែលដាក់លក់នៅលើទីផ្សារជាប្រចាំ ដើម្បីស្វែងរកភាពមិនអនុលោមលើទំនិញទាំងនោះ ចៀសវាងប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ក៏ដូចអ្នកបរិភោគផងដែរ ។

ជាលទ្ធផលទំនិញចំនួន៣០២គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន៧៥លីត្រ ត្រូវបានមន្រ្តីជំនាញរកឃើញ និងដកហូតយកមកកម្ទេចចោល និងចាត់វិធានការតាមនីតិវិធី ។

នៅថ្ងៃដដែលនោះផងដែរ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាលបានបន្តសកម្មត្រួតពិនិត្យ ទៅលើសិប្បកម្មផលិតអំបិលចំនួន ២កន្លែងដើម្បីស្វែងរកភាព មិនអនុលោមណាមួយលើគុណភាពអំបិលអ៊ីយ៉ូដ ចៀសវាងប៉ះពាល់ដល់អ្នកប្រើប្រាស់ ។ ជាលទ្ធផលមន្រ្តីជំនាញបានបញ្ជាក់ថា សិប្បកម្មទាំង ២គឺមានអនុលោមភាពត្រឹមត្រូវទៅតាមបទប្បញ្ញតិ្តបច្ចេកទេស ៕

មតិយោបល់