ព័ត៌មានជាតិ

ខណៈ NATO នៅតែអល់អែក, រុស្ស៊ីបង្កើតតំបន់គ្មានការហោះហើរ នៅក្នុងតំបន់ Donbass

(ម៉ូស្គូ)៖ មន្ត្រីជាន់ខ្ពស់ម្នាក់មកពីតំបន់ផ្ដាច់ខ្លួនគាំទ្រដោយរុស្ស៊ី ក្នុងតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែនបានឱ្យដឹងថារុស្ស៊ីបានបង្កើត «តំបន់គ្មានការហោះហើរ» នៅក្នុងសាធារណរដ្ឋដូណេត និងលូហ្កាន់នៃតំបន់ដុនបាស់ (Donbass)។

លោក Eduard Basurin ជាអ្នកតំណាងម្នាក់នៃសាធារណរដ្ឋប្រជាមានិតដូណេត ធ្វើការអះអាងខាងលើនៅក្នុងបទសម្ភាសន៍ជាមួយ ទូរទស្សន៍ Rossiya-24 នៅថ្ងៃសុក្រនេះ។ ឆ្លើយតបទៅនឹងសំណួរ របស់អ្នកសម្របសម្រួលនៃទូរទស្សន៍ Rossiya-24 ថាតើតំបន់គ្មានការហោះហើរ ត្រូវបានបង្កើតឡើងហើយឬនៅ? លោក Basurin បាននិយាយថាវាពិតជាត្រូវបានបង្កើតឡើងរួចហើយ។

លោកបន្ថែមដូច្នេះថា «ពួកគេ (រុស្ស៊ី) មិនចាំបាច់ប្រគល់ប្រព័ន្ធការពារដែនអាកាសមកឱ្យពួកយើងទេ។ ពោលគឺវាគ្រប់គ្រាន់ ប្រសិនបើរុស្ស៊ីគ្រប់គ្រង ដែនអកាស នោះដូចអ្នកដឹងហើយ វាប្រៀបបានដូចជា ឆត្រ ឬដំបូលការពារមួយនៃតំបន់គ្មានការហោះហើរនៅពីលើសាធារណរដ្ឋរបស់ពួកយើង»៕

ប្រភព៖​​​​​​ Reuters

 

មតិយោបល់