ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបើកបរទាក់ដៃចង្កូតគ្នា បណ្តាលឲ្យដួលស្លាប់២នាក់ នៅនឹងកន្លែងកើតហេតុ

ភ្នំពេញ: នៅថ្ងៃ អាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៨និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យមនុស្សប្រុស០២នាក់ បានស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ត្រង់ចំណុចលើផ្លូវបេតុងព្រៃស ស្ថិតនៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូ១គ្រឿងម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ស្លាកកលេខ កំពង់ធំ 1O-4217 អ្នកបើកបរមានឈ្មោះ ខុន ជ័យ ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ ខ្ពុយកើត ឃុំសូយង់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ (បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ) ។ មានអ្នករួមដំណើរជាមួយឈ្មោះ ជិច សាវឿន ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ តាអឹម ឃុំ បន្ទាយចក្រី ស្រុក ព្រះស្ដេច ខេត្ត ព្រៃវែង (បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ) ។ ចំណែកម៉ូតូ១គ្រឿងទៀត (ពុំស្គាល់ម៉ាក និងស្លាកលេខ អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ បានបើករត់គេចពីកន្លែងកើតហេតុ) ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ ម៉ូតូទាំងពីរគ្រឿងបើកបរស្របគ្នាក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុ ម៉ូតូទាំងពីរក៏បានទាក់ដៃចង្កូតគ្នា បណ្ដាលឲ្យដួលស្លាប់ទាំង២នាក់ នៅកន្លែងកើតហេតុតែម្ដង (ម៉ូតូមួយគ្រឿងទៀត រត់បាត់ពីកន្លែងកើតហេតុ) ។

បច្ចុប្បន្ន សពជនរងគ្រោះទាំង០២នាក់ ត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកវត្ថុតាងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរង់ចាំស្រាវជ្រាវបន្ត ៕

មតិយោបល់