ព័ត៌មានជាតិ

ក្បាលរថយន្តសម្រាប់សណ្ដោង កន្ទុយដឹកទូកុងតឺន័រ បើកបុកបង្គោលភ្លើង រួចធ្លាក់ចូលប្រឡាយទឹកស្អុយ

ភ្នំពេញ: ក្បាលរថយន្តសម្រាប់សណ្ដោងរ៉ឺម៉ក ដឹកទូកុងតឺន័រ១គ្រឿង រេចង្កូតបុកបង្គោលភ្លើង រួចជ្រុលធ្លាក់ចូលទៅក្នុងប្រឡាយទឹក ខណ:បើកបរក្នុងល្បឿនលឿន វ៉ាស្ដាំជែងគេឯងហើយវាក់ជាមួយរថយន្តធុនធំនៅខាងមុខ ។

ឧប្បត្តិហេតុនេះបានកើតឡើង កាលពីវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៤ ត្រង់ចំណុចខាងកើតវត្តកំបូល ស្ថិតនៅក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តខាងលើ ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ 3D-0883 នៅមុនពេលកើតហេតុរថយន្តនោះ បើកបរក្នុងទិសដៅពីកើតទៅលិច ហើយបានវ៉ាជែងខាងស្ដាំយានយន្តជាច្រើនគ្រឿងជាបន្តបន្ទាប់ ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានវាក់ជាមួយរថយន្តធុនធំ១គ្រឿង ដែលកំពុងបើកបរស្របគ្នានៅខាងមុខ ពេលនោះអ្នកបើកបរ បានខំបួងចង្កូតគេចចេញ ដែលជាហេតុធ្វើឲ្យរេចង្កូត ជ្រុលទៅបុកបង្គោលភ្លើង ដែកបំភ្លឺផ្លូវ១ដើម បាក់ដួលរាបដល់ដី បន្ទាប់មកក៏ជ្រុលធ្លាក់ចូលប្រឡាយទឹកតែម្ដង ។ ក្រោយពេលកើតហេតុ អ្នកបើបររថយន្តនេះ បានចុះរត់គេចខ្លួនបាត់ ចំណែកនគរបាលប៉ុស្តិ៍កំបូល និងនគរបាលចរាចរណ៍ខណ្ឌកំបូល បានចុះទៅនាំយករថយន្តនេះ ទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕

មតិយោបល់