ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មានមនុស្ស ០៤នាក់ រងរបួសធ្ងន់០២នាក់ របួសស្រាល០២នាក់ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ចំនួនបីករណីកើតឡើងជាបន្តបន្ទាប់ នៅក្នុងភូមិសាស្ត្រស្រុកក្រគរ កាលពីថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២ ដោយមូលហេតុកត្តាប្រើប្រាស់ល្បឿនពីរករណី និងបើកបរខ្វះការប្រុងប្រយ័ត្នមួយករណី ។
យោងតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុកក្រគរ បានឲ្យដឹងថា នៅក្នុងថ្ងៃទី២៣ ខែមីនា មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន០៣ករណី ។
ករណីទី១ គឺ បើកម៉ូតូដួលខ្លួនឯង កើតឡើងនៅវេលាម៉ោង០៨និង១៥នាទីព្រឹក ត្រង់ចំណុចស្ពានផាន់ ស្ថិតក្នុងភូមិកណ្តាល ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បណ្តាលឲ្យអ្នកបើកបរឈ្មោះ ស៊ឹម សុះ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិ ដង្គៀបក្តាម ឃុំឈើតុំ ស្រុកក្រគរ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនិងព្យាបាល នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ចំពោះម៉ូតូរបស់ជនរងគ្រោះម៉ាកវ៉េវ អាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ រងការខូតខាតមធ្យម សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារយកទៅរក្សាទុកនៅផ្ទះ ។
ករណីទី២ គឺម៉ូតូបុកម៉ូតូបើកបរច្រាសទិសគ្នា បណ្តាលឲ្យខូចខាត ម៉ូតូចំនួន០២គ្រឿង និងរងរបួសមនុស្សពីរនាក់ ស្រាល ករណីនេះកើតឡើងនៅវេលាម៉ោង១៩និង០០នាទីល្ងាច នៅលើផ្លូវក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិជីចេះ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយម៉ូតូម៉ាកហុងដា គុបជ្រុង ពណ៌ខៀវ គ្មានស្លាកលេខ ធ្វើដំណើរក្នុងទិសដៅត្បូងទៅជើង បើកបរដោយឈ្មោះ ប៉ម ពៅ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជីចេះ ឃុំស្នាអន្សា បុកជាមួយម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1K-6014 ធ្វើដំណើរក្នុងទិសពីជើងទៅត្បូង អ្នកបើកបរឈ្មោះ ភួន ប៊ុនធឿន ប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរតាប្រុក ឃុំអូរសណ្តាន់ ស្រុកក្រគរ ។ ចំពោះករណីនេះផងដែរ អ្នកបើកបរទាំងពីររងរបួសស្រាល ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរឯកជនឃុំស្នាអន្សា ចំណែកវត្ថុតាងទាំងពីរគ្រឿង សមត្ថកិច្ចនគរបាលបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាអន្សាជាបណ្តោះអាសន្ន ។
រីឯករណីទី៣ គឺបើកបរម៉ូតូបុករបាំងឃាំងផ្លូវដួលខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ ករណីនេះកើតឡើងនៅវេលាម៉ោង១២និង៤០នាទី រំលងអាធ្រាត នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៥១-១៥២ ស្ថិតក្នុងតំបន់ផ្លូវបិទមិនឲ្យធ្វើចរាចរណ៍ ត្រង់ចំណុចមុខសាលាបឋមសិក្សាក្បាលត្រាច នៅភូមិទទឹង ឃុំក្បាលត្រាច ស្រុកក្រគរ ដោយម៉ូតូម៉ាកហុងដា MSX ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ បានបុករបាំងឃាំងផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅ សង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់។
បច្ចុប្បន្នអ្នកបើកបរ សមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ចំពោះម៉ូតូសមត្ថកិច្ចបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាច ជាបណ្តោះអាសន្ន ៕

មតិយោបល់