ព័ត៌មានជាតិ

នារីម្នាក់ជិះម៉ូតូមកលេងប្តី យាមនៅផ្ទះថៅកែលក់គ្រឿងសំណង់ ត្រូវម្ចាស់ផ្ទះបៀតបៀនកេរ្តិ៍ខ្មាស

ភ្នំពេញ: នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ មានករណីស្រ្តីម្នាក់ជិះម៉ូតូមកលេងប្តី សន្តិសុខយាមនៅផ្ទះថៅកែលក់គ្រឿងសំណង់ ត្រូវម្ចាស់ផ្ទះបៀតបៀនកេរខ្មាស ពេលកំពុងដេកលក់ ទីតាំង ស្ថិតនៅក្បែរសណ្ឋាគារបាលី ផ្ទះលេខ២៥២៦ តាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នារីរងគ្រោះមានអាយុ១៧ឆ្នាំជាកម្មការិនីរោងចក្រ ស្នាក់នៅតំបន់សេដ្ឋកិច្ចពិសេស សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានប្តីជាសន្តិសុខយាមនៅផ្ទះកើតហេតុ ។ កន្លងមកនារីរងគ្រោះតែងមកដេកលេងជាមួយប្តីរាល់ពេលទំនេរពីការងារ ប្តីប្រពន្ធនេះស្នាក់នៅកន្លែងផ្សេងគ្នា មិនសូវមានពេលជួបគ្នានោះឡើយ ។

នៅមុនពេលកើតហេតុនារីរងគ្រោះ បានចេញពីធ្វើការជិះម៉ូតូមកលេងប្តីនៅត្រង់ចំណុចកើតហេតុជាធម្មតា ។ លុះពេលមកដល់នារីរងគ្រោះមានអាការមិនស្រួលខ្លួន ពេលនោះប្តីរបស់នាងបានបើកគូទរថយន្តមួយគ្រឿង ដែលចតនៅខាងមុខផ្ទះកើតហេតុ ដើម្បីរៀបចំកន្លែងឲ្យនារីរងគ្រោះដេក បន្ទាប់មកបានឡើងទៅសង្ងំដេកលង់លក់ ។ ប្តីរបស់នារីរងគ្រោះក៏បានទៅអង្គុយបោកខោអាវនៅខាងមុខផ្ទះ ដែលនៅទល់មុខនិងផ្ទះកើតហេតុ ដោយទុកឲ្យប្រពន្ធដេកតែម្នាក់ឯងនៅលើគូទរថយន្ត ។

លុះដល់វេលាកើតហេតុមានបុរសម្នាក់ជាម្ចាស់ផ្ទះវ័យ៥០ឆ្នាំ បានបើករថយន្តមួយគ្រឿង ដោយមិនដឹងមកពីណានោះទេ បានមកឈប់ចតនៅខាងមុខផ្ទះ ហើយបានដើរទៅជិតនារីរងគ្រោះ និងបានសួរនារីរងគ្រោះថា បេះដូងខ្មៅម៉្លេះបានជាមិនទៅជួយបោកខោអាវប្តី ពេលនោះនារីរងគ្រោះបានភ្ញាក់ដឹងខ្លួននិងបានឆ្លើយតប់ទៅម្ចាស់ផ្ទះនោះវិញថា ដោយសារតែនាងមិនស្រួលខ្លួន ហើយម្ចាស់ផ្ទះបានបន្តទៀតថា សូមមើលបេះដូងតិចមើលពណ៌អី? រួចក៏បានធ្វើសកម្មភាពលូកដៃចូលក្នុងអាវនិងស្ទាបដើមទ្រូងនារីរងគ្រោះ ពេលនោះនារីរងគ្រោះស្រែកហៅប្តីរបស់នាង តែដោយសារនាងឈឺកខ្លាំងពេកទើបស្រែកមិនឮនោះទេ ស្របពេលប្តីរបស់នាងបានងើបដើររកមើល រួចបុរសជាម្ចាស់ផ្ទះក៏បានដើរចូលទៅខាងក្នុងផ្ទះកើតហេតុបាត់ទៅ ។ នារីរងគ្រោះបាននិយាយរឿងរ៉ាវប្រាប់ប្តីរបស់នាង ទើបមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ។ បន្ទាប់ពីកើតហេតុបុរសជាម្ចាស់ផ្ទះ មិនព្រមចេញមកពីក្នុងផ្ទះនោះទេ ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំនារីរងគ្រោះ ទៅកាន់ប៉ុស្តិ៍នរគបាលរដ្ឋបាលអូរបែកក្អម ដើម្បីដាក់ពាក្យបណ្ដឹង ងាយស្រួលដល់សមត្ថកិច្ចចាត់ការទៅតាមផ្លូវច្បាប់ ៕

មតិយោបល់