ព័ត៌មានជាតិ

រថយន្តស្លាកលេខខេមរភូមិន្ទ បើកលឿនរេចង្កូតបុកម៉ូតូកង់បី បណ្តាលឲ្យស្លាប់២នាក់ និងរងរបួសធ្ងន់ម្នាក់

កំពត: នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៧និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូកង់បី ដែលមានទិសដៅផ្ទុយគ្នា បណ្តាលឲ្យមនុស្សស្លាប់២នាក់ និងរងរបួសធ្ងន់ម្នាក់ លើផ្លូវជាតិលេខ៤១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៥៥-៥៦ ស្ថិតក្នុងភូមិកំណប់ ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ អ្នកបើកបររថយន្តបង្កឈ្មោះ យឹម ផានិត ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម បើកបររថយន្តម៉ាក NISSAN ប្រភេទបែនធុនធំ ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 05-3-3781 មានទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ បានរេចង្កូតទៅបុកម៉ូតូកង់បី មួយគ្រឿង មានទិសដៅផ្ទុយគ្នា ។ អ្នកបើកបរម៉ូតូកង់បីរងគ្រោះឈ្មោះ ចាន់ បាទ ភេទប្រុស អាយុ ៣៧ ឆ្នាំ មានទីលំនៅភូមិ ព្រែកអុងបាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល (បានស្លាប់) និងមានអ្នករួមដំណើរជាមួយចំនួន០២នាក់៖ ១-ឈ្មោះ ម៉ាន់ បុល ភេទស្រី អាយុ ៤២ ឆ្នាំ (បានស្លាប់) ២-ឈ្មោះ ផែត បាស់ ភេទស្រី អាយុ ២៦ ឆ្នាំ (បានរងរបួសធ្ងន់) ទាំងពីរនាក់ មានទីលំនៅភូមិ ព្រៃឃ្លៃ ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត ។ ម៉ូតូកង់បីម៉ាក BAJA ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AB-6783 មានទិសដៅពីជើងទៅត្បូង ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្រ្គោះ ។ ចំណែកឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនទៅសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ។ រីឯវត្ថុតាងរថយន្តនិងម៉ូតូកង់បី ត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកជុំគិរី ដើម្បីរង់ចាំធ្វើការដោះស្រាយ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់