បាត់ដំបងៈ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ០៨និង០០នាទីព្រឹក នៅចំណុចក្រុមទី០៨ ភូមិនិគមកណ្ដាល ឃុំជ្រោយស្ដៅ ស្រុកថ្មគោល មានករណីអំពើហិង្សាក្នុងគ្រួសារ (ធ្វើឱ្យខូចខាតដោយចេតនា) បង្កដោយជនសង្ស័យឈ្មោះ ទី រស់ ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវជាកូនបង្កើតបានយកកាំបិត កាប់ជញ្ជាំងស័ង្កសីជុំវិញផ្ទះ និងដុតសម្ភារ:ក្នុងផ្ទះរបស់ជនរងគ្រោះឈ្មោះ យូ សឿង ភេទប្រុស អាយុ ៥១ ឆ្នាំ ត្រូវជាឪពុកបង្កើតមានទីលំនៅក្រុមទី០៨ ភូមិនិគមកណ្ដាល ឃុំជ្រោយស្ដៅ ស្រុកថ្មគោល បណ្ដាលឱ្យខូចខាតសម្ភារៈមួយចំនួនធំ ។
ភ្លាមៗនោះដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង រួមនឹងយោបល់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជន លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងចុះអន្តរាគមន៍ពន្លត់ភ្លើង ដែលឆេះដោយការដុតបំផ្លាញនេះ ហើយអនុវត្តនាំខ្លួនកូនប្រុសដែលជាជន បង្កនេះមកកាន់អធិការដ្ឋាននគរបាលស្រុក ដោយដកហូតបាន៖
-កាំបិតខ្វែវដងឈើចំនួន០១ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅក្នុងអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីរៀបចំសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕




មតិយោបល់