ព័ត៌មានជាតិ

បុរសជាប្តីស្រវឹងស្រាយកផ្លែដូងគប់ប្រពន្ធបណ្តាលឲ្យខឹងទ្រាំលែងបានយកដំបងឫស្សីវាយបណ្តាលឲ្យស្លាប់ភ្លាមៗ

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាបុរសម្នាក់បានបាត់បង់ជីវិតបន្ទាប់ពីស្រវឹងស្រាបង្កអំពើហិង្សាក្នុងគ្រួសារយកផ្លែដូងគប់ប្រពន្ធហើយត្រូវប្រពន្ធយកដំបូងឫស្សីវាយ។ករណីនេះបានកើតនៅវេលាម៉ោង១០និង៤៩នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅភូមិគោកពន្លៃ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯកស៊ិនណារ៉ាក់អធិការនគរបាលស្រុកមង្គលបូរីបានឲ្យដឹងថាបុរសជាប្តីឈ្មោះឆែមថងយូអាយុ៤១ឆ្នាំរស់នៅភូមិគោកពន្លៃឃុំចំណោមស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យនិងប្រពន្ធឈ្មោះជា រេត អាយុ៤១ឆ្នាំ គ្រួសារនេះរស់នៅភូមិគោកពន្លៃ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកអធិការបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុបុរសជាប្តីបានមកពីដើរផឹកស្រាស្រវឹងដល់ផ្ទះបានយកផ្លែដូងខ្ចីចំនួន០២ផ្លែដែលប្រពន្ធទិញរៀបចំដាក់រទេះសម្រាប់លក់បោះទៅលើប្រពន្ធខណៈកំពុងដេកជាមួយចៅនៅក្រោមផ្ទះម្តាយ០១ផ្លែត្រូវខ្លួនចៅនិង០១ទៀតត្រូវក្បាលប្រពន្ធ។បន្ទាប់មកទៀតបុរសជាប្តីមិនអស់ចិត្តក៏ស្ទុះទៅចាប់ច្របាច់កប្រពន្ធថែមទៀតក៏មានការប្រតាយប្រតប់គ្នា។ពេលនោះស្ត្រីជាប្រពន្ធបានច្រានបុរសជាប្តីឲ្យដួលទៅលើដីរួចបានយកដំបងឫស្សីទៅវាយចំក្បាលនិងមុខជាច្រើនដំបងបណ្ដាលឲ្យដេកស្លាប់ក្នុងថ្លុកឈាមតែម្តង។

លោកវរសេនីយ៍ឯកស៊ិនណារ៉ា់បានបញ្ជាក់ថា៖ក្រោយពីទទួលបានព័ត៌ទាក់ទិនករណីឃាតកម្មនេះកម្លាំងនគរបាលប៉ុស្តិ៍និងកម្លាំងនគរបាលអធិការដ្ឋានបានចុះទៅដល់កើតហេតុនិងឃាត់ខ្លួនស្ត្រីជាប្រពន្ធមកសួរនាំ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យជាប្រពន្ធបានសារភាពថានាងបានស៊ូទ្រាំជាប្តីរបស់នាងជាច្រើនឆ្នាំមកហើយគាត់មិនដែលជួយរកស៊ីអីទេពេលផឹកស្រវឹងតែងប្រើហិង្សាវាយដំនិងជេរប្រមាថមកលើរូបគាត់រហូតដល់ពេលខ្លះរត់ទៅដេកនៅផ្ទះម្តាយបង្កើតនៅក្បែរគ្នា។

លោកអធិការបានបញ្ជាក់បន្ថែមថា៖ដោយផ្អែកលើករណីជាក់ស្តែងនិងចម្លើយសារភាព។ស្ត្រីជាប្រពន្ធត្រូវបានកម្លាំងនគរបាលជំនាញរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្តតាមនីតិវិធី៕

 

 

 

មតិយោបល់