ស្របពេលដែលនៅរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តនានានៃព្រះរាជាណាចក្រកម្ពុជាកំពុងពេញនិយមខ្លាំងជាមួយនឹងតែបៃតងសំរាប់បរិភោគនោះ នៅប្រទេសជប៉ុនឯនោះវិញ ឃើញថា គេបានកែឆ្នៃគុណប្រយោជន៏របស់តែបៃតងអោយក្លាយទៅជា ផលិតផលសំរាប់ Spa ជំនួយដល់សុខភាពស្បែកទៅវិញ ។
ជាក់ស្តែងនៅ Yunessun Spa Resort ដែលជាតំបន់ឯកទេស Spa ធំបំផុត មានចំងាយ ៩០ គីឡូម៉ែត ភាគខាងត្បូងប្រទេសជប៉ុន បានរៀបចំនូវកន្លែងសំរាប់ Spa រហូតដល់ទៅ ២៥ប្រភេទសំរាប់ភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ ទទួលយកបទពិសោធន៏ Spa ជាមួយនឹងតែបៃតង ដ៏ពេញនិយមបំផុតនៅប្រទេសជប៉ុន ។ ពែងតែកំពស់រហូតដល់ទៅ ២ម ត្រូវបានរៀបចំឡើងដោយផ្ទុកនូវតែបៃតង សុទ្ធដែលយកមកពីតំបន់ភ្នំ Tanzawa និង Hakone នៃប្រទេសជប៉ុន ចាក់បំពេញទៅក្នុងអាងត្រាំទឹក ដែលមានទឹកតែបៃតងផ្លាស់ចេញ ចូលកំដៅក្តៅល្មម បានផ្តល់នូវអត្ថប្រយោជន៏ជាច្រើនដល់សុខភាពស្បែក ។
តាមការស្រាវជ្រាវ នៅក្នុងតែបៃតង មានសារជាតិអុកស៊ីតកម្មម្យ៉ាង (Catechins) ដែលជួយធ្វើអោយស្បែកមានសំណើម បំបាត់មេរោគ ជួយដល់កោសិកាចាស់ៗ និងធ្វើអោយក្មេងជាងវ័យ ។ មិនត្រឹមតែការត្រាំទឹកជាមួយនឹងតែបៃតង នោះទេ នៅតំបន់ Spa នេះបានរៀបចំនូវការត្រាំទឹកពិសេសៗជាច្រើនទៀតដូចជា ការត្រាំទឹកជាមួយនឹង សាកេ (ស្រាជប៉ុន) ស្រាទំពាងំបាយជូ ភក់ កាហេ្វ ព្រមជាមួយនឹងប្រភេទ Spa ជាច្រើនទៀត៕
មតិយោបល់