ព័ត៌មានជាតិ

ឥណ្ឌា ថ្កោលទោសការសម្លាប់រង្គាលជនស៊ីវិលក្នុងទីក្រុង Bucha របស់អ៊ុយក្រែន

(ញូដេលី)៖ ឥណ្ឌា នៅថ្ងៃអង្គារសប្ដាហ៍នេះ បានចូលរួមថ្កោលទោសលើការសម្លាប់រង្គាលជនស៊ីវិល នៅក្នុងទីក្រុង ប៊ូចា (Bucha) នៃប្រទេសអ៊ុយក្រែន និងបានអំពាវនាវឱ្យមានការស៊ើបអង្កេតជាលក្ខណៈឯករាជ្យមួយ ប៉ុន្តែមិនបានរិះគន់ចំៗលើរុស្ស៊ីដែលជាសម្ព័ន្ធមិត្តយូរអង្វែង មួយរបស់ខ្លួន ជុំវិញសង្រ្គាមឈ្លានពាននៅអ៊ុយក្រែននោះទេ។

លោក ធីអេស ធៀមូទី (TS Tirumurti) អ្នកតំណាងអចិន្ត្រៃយ៍ឥណ្ឌាប្រចាំអង្គការសហប្រជាជាតិ (UN) បានបញ្ជាក់ប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ដូច្នេះថា «របាយការណ៍ថ្មីៗពីការសម្លាប់រង្គាលជនស៊ីវិល នៅក្នុងទីក្រុង Bucha គឺជារឿងដ៏រំជើបរំជួល។ យើងសូមចូលរួមថ្កោលទោស យ៉ាងដាច់អហង្ការលើការសម្លាប់រង្គាលនេះ និងគាំទ្រការអំពាវនាវឱ្យមានការស៊ើបអង្កេតជាលក្ខណៈឯករាជ្យមួយដើម្បីរកអ្នកទទួលខុសត្រូវ»។

ការថ្លែងសុន្ទរកថារបស់លោក TS Tirumurti បានកើតឡើងភ្លាមៗ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន (Antony Blinken) បានសន្ទនាតាមរយៈទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក ស៊ូប្រាម៉ានីយ៉ាម ចៃសានកា (Subrahmanyam Jaishankar)។

សហរដ្ឋអាមេរិក បានទទូចម្តងហើយម្តងទៀតឱ្យឥណ្ឌាចូលរួមថ្កោលទោសលើការឈ្លានពានរបស់រុស្ស៉ី ចាប់តាំងពីការឈ្លានពានថ្ងៃទី២៤ ខែកុម្ភៈ ប៉ុន្តែឥណ្ឌា បានបដិសេធ ក្នុងគោលបំណងធ្វើឱ្យមានតុល្យភាពទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៉ី និងបណ្ដាប្រទេសលោកខាងលិច៕

ប្រភព៖​ Reuters

មតិយោបល់