ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីធ្វើសកម្មភាពលួចទ្រព្យសម្បត្តិពលរដ្ឋ

បាត់ដំបង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៥និង១៥នាទី មានករណីចោរចូលទ្រព្យសម្បត្តិ ក្នុងលំនៅដ្ឋានប្រជាពលរដ្ឋ មួយកើតឡើង ត្រង់ចំណុចផ្ទះលេខ៦៩ ក្រុមទី០៧ ភូមិគរ ឃុំស្នឹង ស្រុកបាណន់ ម្ចាស់ផ្ទះឈ្មោះ ម៉ាង យីម ភេទស្រី អាយុ ៤៥ ឆ្នាំ រស់នៅចំណុចភូមិ-ឃុំកើតហេតុខាងលើ ។

តាមការរាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាព ចូលតាមទ្វារមុខរួចបានបើកបន្ទប់ ហើយចូលទៅទាញថតទូខាងក្នុងបន្ទប់ តែដោយទ្វារនោះពេលបិទបើកឮសូសំឡេង ធ្វើឲ្យម្ចាស់ផ្ទះឆ្ងល់ ក៏បានដើរមកពិនិត្យ ប៉ុន្តែឃើញបន្ទប់បិទធម្មតាទាំងអស់ ដោយមិនអស់ចិត្តក៏បានបើកបន្ទប់មើល បានឃើញជនសង្ស័យនៅក្នុងបន្ទប់ ពេលនោះម្ចាស់ផ្ទះបានចាប់កអាវជននោះជាប់ រួចទាញចេញមកក្រៅហើយស្រែកហៅឲ្យគេជួយ ។

ជនសង្ស័យឈ្មោះ ហេង ពីសា ភេទប្រុស អាយុ ២១ ឆ្នាំ រស់នៅផ្ទះលេខ៤២៤ ក្រុមទី២០ ភូមិអូរចា ឃុំអូរចា ក្រុងបាត់ដំបង និងដកហូតវត្ថុតាងរួមមាន៖

-ម៉ូតូចំនួន ០១គ្រឿង HONDA ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ 1M-6916
-មួកសុវត្ថិភាពពណ៌ខ្មៅចំនួន ០១
-លុយខ្មែរចំនួន ៧៨,៩០០រៀល
-ក្រវិល ០១គូ
-វិក័យប័ត្រលក់ទិញចំនួន ០៧សន្លឹក
-កៅអៀកចំនួន ០២បន្ទះ
-ចង្រិតលីងចំនួន ០១1ថង់ ។

នាពេលនេះ ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលស្រុក កសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី-ច្បាប់ ៕

មតិយោបល់