ភ្នំពេញៈ នៅវេលាម៉ោង០៨និង០០នាទីព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តស៊េរីទំនើបចំនួន០៤គ្រឿង បើកបរបុកបន្តកន្ទុយគ្នា បណ្តាលឲ្យរងការខូចខាត ទាំងសងខាងយ៉ាងដំណំ ក្នុងហេតុការណ៍ នេះគ្មានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមសេចក្តីរាយការណ៍ជាព័ត៌មានបឋម របស់ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំដែលបានចុះទៅដល់ទីតាំង កន្លែងកើតហេតុ បានធ្វើអត្ថាធិប្បាយឲ្យដឹងដូច្នេះថា នៅមុនពេលកើតហេតុ រថយន្តជាច្រើនគ្រឿង បានបើកបរធ្វើដំណើរបណ្តោយផ្លូវ ហាណូយ ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ មានរថយន្តចំនួន០៤គ្រឿង បានបុកបន្តកន្ទុយគ្នានៅម្តុំទល់មុខនៃមន្ទីរ ពេទ្យកុមារជាតិ ។ ភ្លាមៗនោះ ផ្នែកខាងចរាចរណ៍ក៏មានការកកស្ទះ សម្រាប់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរឆ្លងកាត់ត្រង់ទីតាំងកើត ហេតុ ។
បន្ទាប់មកកម្លាំងសមត្ថកិច្ច នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យនិងអន្តរាគមន៍ ដើម្បីឲ្យភាគីទាំងសងខាង ធ្វើការចរចាគ្នា ដើម្បីបញ្ចប់ រឿងនៅនឹងកន្លែងកើតហេតុ ។ ប៉ុន្តែករណីនេះ បើម្ចាស់ភាគីទាំងអស់ ធ្វើការដោះស្រាយគ្នាមិនត្រូវនោះទេ សមត្ថកិច្ចនឹងវាស់វែងយក រថយន្តទាំងនោះ ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាបន្តទៀតនៅពេលក្រោយ ទៅតាមនីតិវិធីផ្លូវច្បាប់ ។
សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តអាល់ហ្វាចំនួន ០៣គ្រឿង និងរថយន្តព្រូសចំនួន ០១គ្រឿង បណ្តាលឲ្យរងការ ខូចខាតទាំងសងខាងយ៉ាងដំណំផងដែរ ៕
មតិយោបល់