ព័ត៌មានជាតិ

សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ដៃដល់​ម្នាក់ ដែលយក​តុ​ដែក​ វាយ​កញ្ចក់​ឡាន​ និង​ទូរស័ព្ទ​ដៃ​​ជនរងគ្រោះ

បាត់ដំបង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ ១៩​និង​៣០​នាទី​ អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ រួម​នឹង​យោបល់​លោក​វរសេនីយ៍ឯក​ លឹ​ម​ ពុ​ទ្ធី​ឡា​ ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​ លោក​វរសេនីយ៍ទោ​ សេង​ លុ​ច​ អធិការ​នគរបាល​ស្រុក​ថ្មគោល​ បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​បង្ក្រាប​ករណី​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​ (​វាយ​កញ្ចក់​រថយន្ត​)​ ត្រង់​ចំណុច​ក្រុម​ទី​០៣​ ភូមិ​កកោះ​ ឃុំ​អូរ​តា​គី​ ស្រុក​ថ្មគោល​។​

យោងតាមរបាយការណ៍របស់ សមត្ថកិច្ច​នគរបាល បានឲ្យដឹងថា បាន​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​ ឈ្មោះ​ ម៉​ន​ កែវ​ទិន​ ភេទ​ប្រុស​ អាយុ​ ៣១​ឆ្នាំ​ រស់នៅ​ភូមិ​កកោះ​ ឃុំ​អូរ​តា​គី​ ស្រុក​ថ្មគោល​ បាន​យក​តុ​ដែក​វាយ​កញ្ចក់​រថយន្ត​ ០១​គ្រឿង​ និង​ទូរស័ព្ទ​ដៃ​ ០១​គ្រឿង​ របស់​ជន​រង​គ្រោះ​ឈ្មោះ​ មុំ​ សុ​វ​ណ្ណា​ ភេទ​ប្រុស​ អាយុ​ ៣២​ឆ្នាំ​ រស់នៅ​ភូមិ​កកោះ​ ឃុំ​អូរ​តា​គី​ ស្រុក​ថ្មគោល​។​

សម្ភារ:​ខូចខាត​រួម​មាន​៖ ​រថយន្ត​ ០១​គ្រឿង​ ម៉ាក​អ៊ី​ស៊ុ​យ​ស៊ុ​យ​ ពណ៌​ប្រផេះ​ ស៊េរី​ឆ្នាំ​២០០៣​ (​បែក​កញ្ចក់​មុខ​ បែក​កញ្ចក់​ក្រោយ​ និង​បែក​កញ្ចក់​ចំហៀង​ខាងស្តាំ​)។ ទូរស័ព្ទ​ដៃ​ ០១​គ្រឿង​ ម៉ាក​អុ​ប​ប៉ូ​ ពណ៌​ខ្មៅ​ ។​ ក្នុង​នោះ​នគរបាល​ស្រុក​បាន​ដកហូត​សម្ភារ:​ជា​វត្ថុ​តាង​រួម​មាន​ តុ​ដែក​ចំនួន​ ០១​ និង​កាំបិត​ផ្លែ​ដែក​ដង​ឈើ​ចំនួន​ ០១​។​

បច្ចុប្បន្ន​ សមត្ថកិច្ច​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ​និង​វត្ថុ​តាង​មក​ការិយាល័យ​ជំនាញ​ខេត្ត​ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​-​ច្បាប់​៕​

មតិយោបល់