បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្មេងប្រុសម្នាក់ត្រូវបានគេប្រទះឃើញចង.កសម្លាប់ខ្លួននៅក្នុងចម្ការស្វាយខាងជើងភូមិចម្ងាយ៥០០ម៉ែត្រ ក្នុងភូមិជប់ ឃុំជប់វារី ស្រុកព្រះនេត្រ ព្រះខេត្តបន្ទាយមានជ័យ វេលាម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។
លោកវរសេនីយ៍ឯកមាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថាក្មេងប្រុសដែលធ្វើអត្តឃាតឈ្មោះសួយ រ៉ាស៊ី អាយុ១៨ឆ្នាំ នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ មកស្នាក់នៅរៀនសូត្រថ្នាក់ទី១២ នៅវិទ្យាល័យជប់វារីស្រុកព្រះនេត្រព្រះ។
លោកវរសេនីយ៍ឯកមាសប្ញទ្ធីបានបញ្ជាក់បន្ថែមទៀតថាឆ្លងតាមការពិនិត្យនិងធ្វើកោសល្យវិច័យសពនៅនឹងកន្លែងកើតហេតុដោយបង្កើតគណៈកម្មការចម្រុះត្រួតពិនិត្យសពដែលសមាសភាពដូចជា៖១-លោកឃូពៅអភិបាលស្រុកព្រះនេត្រព្រះ,២-នគរបាលផ្នែកពិនិត្យនិងវិភាគកន្លែងកើតហេតុ,៣-នគរបាលផ្នែកព្រហ្មទណ្ឌ,៤-នគរបាលប៉ុស្តិ៍ជប់វារី,៥-លោកគ្រូពេទ្យភុំកុសាលប្រធានមណ្ឌលសុខភាពជប់វារី,៦-លោកមេឃុំជប់វារី,៧-លោកមេភូមិជប់,៨-ឱពុកនិងម្តាយសាកសព។
ឆ្លងតាមការពិនិត្យពីគ្រូពេទ្យបានបញ្ជាក់ថាឈ្មោះសួយ រ៉ាស៊ី ពិតជាធ្វើអត្តឃាតសម្លាប់ខ្លួនឯងប្រាកដមែនដោយខ្សែភ្លើងពណ៌សចងនឹងដើមស្វាយគឺពុំពាក់ព័ន្ធនឹងករណីមនុស្សឃាតឡើយនិងបានប្រគល់សាកសពជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់