ព័ត៌មានជាតិ

រថយន្តប្រភេទកុងតឺន័រមួយគ្រឿង បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់ជាច្រើនកង់ និងរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នៅវេលាម៉ោង០៦និង០០នាទីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តប្រភេទកុងតឺន័រ មួយគ្រឿង បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ជាច្រើនកង់ បណ្តាលឲ្យរងការខូចខាត ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះទៅអន្តរាគមន៍ ដល់ទីតាំងកន្លែងកើត ហេតុ ស្ថិតតាមបណ្តោយផ្លូវលេខ២៧១ ទល់មុខនឹងផ្សារហេងលី ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ នៃហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេបានឃើញរថយន្តបង្កហេតុ បានបើកបរធ្វើដំណើរ តាមបណ្តោយផ្លូវលេខ២៧១ ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ទល់មុខនឹងផ្សារហេងលី បានរេចង្កូតជ្រុលល្បឿន ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ជាច្រើនកង់ បណ្តាលឲ្យរងការខូចខាត ។ ចំណែកឯរថយន្តកុងតឺន័រនោះវិញ ក៏រងការខូចខាត យ៉ាងដំណំផងដែរ ។

បន្ទាប់ពីកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅអន្តរាគមន៍ ដើម្បីសម្រួលចរាចរណ៍ កុំឲ្យកកស្ទះដល់បងប្អូនប្រ ជាពលរដ្ឋកំពុងធ្វើដំណើរឆ្លងកាត់ទៅបំពេញការងារ ។

នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខណ្ឌទួលគោក បានយករថយន្តបង្កហេតុ ទៅរក្សាទុកជាបណ្តោះអាស្ន ដើម្បីរង់ចាំឲ្យម្ចាស់ចូលខ្លួនដោះស្រាយ នៅពេលក្រោយ ទៅតាមនីតិវិធីផ្លូវច្បាប់ ។

សូមបញ្ជាក់ថា: ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់មានប្រភពណា បញ្ជាក់ប្រាប់ពីមូលហេតុ នៃគ្រោះថ្នាក់ចរាចរណ៍នេះ ឲ្យពិតប្រាកដនូវឡើយ ថាបណ្តាលមកពីហេតុអ្វី ។ ដោយឡែកមនុស្សនោះវិញ ក៏មិនទាន់ដឹងថាមានរងគ្រោះដែរ ទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់