ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះពលរដ្ឋ៤ខ្នង បណ្តាលឲ្យរងការខូចខាត និងសម្ភារៈអីវ៉ាន់ចាប់ហួយអស់ជាច្រើន

ភ្នំពេញ: នៅវេលាម៉ោង០៤និង២៥នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ មានករណីអគ្គិភ័យបានឆាបឆេះផ្ទះមួយកន្លែង ដែលហេតុការណ៍នេះបានកើតឡើង ស្ថិតនៅចំណុចផ្លូវទន្លេសាប ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគិ្គសនីបង្កជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតឆេះផ្ទះថ្មប៉េតុង នឹងឈើប្រក់ស័ង្កសី ចំនួន០៤ខ្នង និងខូចខាតសម្ភារ:អីវ៉ាន់ចាប់ហួយ និងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួន ។

នៅវេលាម៉ោង០៥និង៣០នាទី ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន១៦គ្រឿង ប្រើប្រាស់ទឹកអស់ ០៩ឡាន ស្មើនឹង៣៦ម៉ែត្រគូប, រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន០៧ ប្រើប្រាស់អស់ចំនួន០៧ឡាន ស្មើនឹង២៨ម៉ែត្រគូប, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកចំនួន០១ឡាន ស្មើនឹង០៤ម៉ែត្រគូប ៕

មតិយោបល់