ត្បូងឃ្មុំៈ ស្ត្រីមេម៉ាយក្រីក្រម្នាក់បានលើកដៃសំពះ សូមឲ្យសប្បុរសជនជួយឧបត្ថម្ភដល់កូនប្រុសរបស់គាត់ដែលរងគ្រោះដោយចរន្តអគ្គិសនីឆក់ បណ្ដាលឲ្យពិការដៃទាំង២នេះផង ព្រោះជីវភាពរបស់គាត់ទីទ័លក្រណាស់ មិនអាចរកលុយដើម្បីទិញថ្នាំសម្រាប់ព្យាបាលទេ។
ស្ត្រីមេម៉ាយជាម្តាយជនរងគ្រោះមានឈ្មោះ ស៊ុន នួន អាយុ៥៣ឆ្នាំ រស់នៅភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មុខរបរដើរស៊ីឈ្នួលឲ្យគេបានរៀបរាប់ទាំងអួលដើមកថា កូនប្រុសរបស់គាត់ឈ្មោះ ម៉ាប់ វុទ្ធី អាយុ១៨ឆ្នាំ បានរងគ្រោះដោយឆក់ខ្សែភ្លើង ខណៈពេលដែលទៅផ្សារដំឡើងគ្រឿងដែកសំយាបផ្ទះនៅក្នុងភូមិ កាលពីអំឡុងខែឧសភា ២០១៦ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីររាជធានីភ្នំពេញ ដោយទទួលសំណងបានត្រឹមតែ២លានរៀលប៉ុណ្ណោះ គឺមិនគ្រប់ថ្លៃព្យាបាលផង។
ពេលនេះកូនប្រុសរបស់គាត់បានមកស្នាក់នៅផ្ទះវិញហើយ ដោយផ្ទះរបស់គាត់ស្ថិតក្រោមសំយាបតភ្ជាប់ផ្ទះរបស់គ្រួសារបងស្រី។ ដូច្នេះសូមឲ្យសប្បុរសជនមេត្តាជួយដល់កូនរបស់គាត់ផង ដើម្បីបានលុយ ទិញថ្នាំលេបបន្តរស់រាន្តហ្នឹងគេ។
សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី២២ សីហានេះ ក្រុមអ្នកទទួលការដេញថ្លៃគម្រោងជួសជុលផ្លូវនៅសាលាឃុំឈូក បានជួយឧបត្ថម្ភដល់ប្អូនប្រុសចំនួនជាង១០ម៉ឺនរៀល សម្រាប់ដោះស្រាយជីវភាពបានមួយគ្រាផងដែរ៕
មតិយោបល់