អ៊ីរ៉ាក់ៈ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម បានប្រហារជីវិតប្រជាជន ៤០នាក់ក្នុងក្រុង Mosul ដែលជាកន្លែងកាន់កាប់ របស់ខ្លួនចុងក្រោយធំមួយ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ នេះបើយោងតាមសារព័ត៌មានស៊ីនហួរចុះផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦។
យោងតាមប្រធានគណៈកម្មការសន្តិសុខនៃក្រុមប្រឹក្សាខេត្ត Nineveh បាននិយាយថា ជនរងគ្រោះដែលត្រូវបានគេប្រហារជីវិតជាប់ចោទ ពីបទរួមគំនិតប្រឆាំងនឹងការដឹកនាំក្នុងក្រុង Mosul រាជធានីរបស់ខេត្ត Nineveh ឬ ជួយប្រជាជនឲ្យនិរទេសខ្លួនចេញពីទីក្រុង ឬជាអតីតសមាជិកសន្តិសុខអ៊ីរ៉ាក់ ។
ក្រុមភេរវករ IS បានបញ្ជូនសាកសពបុរសទាំង៤០នាក់ និងបញ្ជីឈ្មោះរបស់ពួកគេទៅកន្លែងដាក់សាកសពរបស់មន្ទីរពេទ្យធំមួយនៅក្នុងក្រុង Mosul ។ លោកបាននិយាយថា សាកសពទាំងអស់ ត្រូវបានប្រហារជីវិតដោយបាញ់សម្លាប់ចំក្បាល។
ការប្រហារជីវិតនេះបានធ្វើឡើងនៅពេលទាហានអ៊ីរ៉ាក់ និងកងកម្លាំងសន្តិសុខឃឺត ដែលត្រូវបានគេស្គាល់ថាជាក្រុម Peshmerga បច្ចុប្បន្នកំពុងច្បាំងដណ្តើមយកទីតាំងខាងក្រោយ ក្រុងMosul និងចំពេលការវាយប្រហារធំបានធ្វើឡើងដើម្បីរំដោះទីក្រុងទាំងមូល៕


មតិយោបល់