បាត់ដំបងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ វេលាម៉ោងប្រមាណ២១និង៣០នាទី នៅចំណុចបរិវេណវត្តភ្នំប្រាំពីរ ស្ថិតក្នុងភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនា (មានស្ថានទម្ងន់ទោស) លើអ្នកដទៃមួយបានកើតឡើង ដែលករណីនេះបង្កដោយជនសង្ស័យឈ្មោះ ជន ព្រឹម ភេទប្រុស អាយុ ៤១ ឆ្នាំ មានទីលំនៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង (មុខរបរកម្មករ) បានយកដំបងឈើវាយទៅលើជនរងគ្រោះឈ្មោះ ញ៉ោម សុភាព (ហៅជាងអៀប) ភេទប្រុស អាយុ ៤៦ ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នា បន្ទាប់ពីកើតមានរឿងទំនាស់ជាមួយគ្នា ដោយសារជនសង័្សយស្រវឹងស្រាខឹងជនរងគ្រោះសួរនាំច្រើនពេកទើបបង្កជាអំពើហិង្សាកើតឡើង ។
បន្ទាប់ពីទទួលបានព័ត៌មាននេះ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំងផ្នែកជំនាញរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ ឃាត់ខ្លួនជនសង័្សយខាងលើ និងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដើម្បីសាកសួរកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញចាត់ ការបន្តតាមនីតិវិធីច្បាប់ ចំណែកជនរងគ្រោះខាងលើត្រូវបានបញ្ជូន ទៅសង្រ្គោះ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ៕
មតិយោបល់