ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោបង្ក្រាបឃាត់ខ្លួន ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកណ្តៀវកាប់លើជនរងគ្រោះ) កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង២២និង៣០នាទី ត្រង់ចំណុចមុខផ្ទះរបស់ឈ្មោះ អាត់ ឈឿន ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ប៊ែល អាត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមន្ត្រីរាជការជាប់កិច្ចសន្យា (ការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ) ទីលំនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនដៃដល់ឈ្មោះ សារី សារឿន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក៖ កណ្តៀវដងឈើប្រវែង៤៥សង់ទីម៉ែត្រចំនួន០១ ។
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាកើតហេតុ ជនរងគ្រោះឈ្មោះ ប៊ែល អាត ភេទប្រុស អាយុ៤០ឆ្នាំ កំពុងតែអង្គុយផឹកស៊ីជាមួយឈ្មោះ អាត់ ឈឿន ភេទប្រុស អាយុ៦៧ឆ្នាំ មានគ្នាចំនួន០២នាក់ នៅលើគ្រែខាងមុខផ្ទះរបស់ឈ្មោះ អាត់ ឈឿន ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខាងលើ ស្រាប់តែជនសង្ស័យឈ្មោះ សារី សារឿន ភេទប្រុស អាយុ៥០ឆ្នាំ បានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ មិនចាំផ្លាកលេខ មកឈប់នៅក្រោមដើមស្វាយខាងមុខផ្ទះរបស់ឈ្មោះ អាត់ ឈឿន ដែលមានចំងាយ០៣ម៉ែត្រពីគ្រែផឹកស៊ី ។ ហើយឈ្មោះ អាត់ ឈឿន បានក្រោកពីកន្លែងផឹកស៊ីដើរទៅបត់ជើងតូច ពេលជនសង្ស័យបម្រុងដើរចូលទៅកន្លែងផឹកស៊ី ស្រាប់តែជនរងគ្រោះបាននិយាយទៅកាន់ជនសង្ស័យថា អាណាហៅអ្ហែងមក អាឆ្កែ ហើយជនសង្ស័យក៏បានឆ្លើយថា ម្ចាស់ផ្ទះហៅអញ បានអញមក រួចជនរងគ្រោះក៏បានក្រោកពីលើគ្រែ ស្ទុះសំដៅទៅរកជនសង្ស័យ ។ ឃើញដូចនេះជនសង្ស័យក៏បានយកកណ្តៀវសម្រាប់ច្រូតស្មៅដែលនៅជាប់ទូកម៉ូតូ កាប់ទៅលើជនរងគ្រោះ ត្រូវចំគល់ក ខាងក្រោយរបួសធ្ងន់ធ្ងរ រួចជនសង្ស័យក៏បានបើកម៉ូតូគេចខ្លួនបាត់ ។
ប្រភពបន្តថា ក្រោយកើតហេតុ សាច់ញាតិ និងក្រុមគ្រួសាររបស់ជនរងគ្រោះ ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃដេរចំនួន១៥ថ្នេរ រួចឈ្មោះ ប៊ែល តុលា ភេទស្រី អាយុ៣០ឆ្នាំ (ត្រូវជាប្អូនស្រីបង្កើតរបស់ជនរងគ្រោះ) បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
សមត្ថកិច្ចបន្តទៀតថា លុះដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង១០និង៣០នាទី សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន ត្រង់ចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសតាមនីតិវិធីច្បាប់។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ(ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពប្រើកណ្តៀវកាប់ទៅលើជនរងគ្រោះប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងអនុវត្តតាមនីតិវិធី ៕
មតិយោបល់