បាត់ដំបងៈ កាលពីថ្ងៃ អង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែ មេសា ឆ្នាំ២០២២ វេលាម៉ោង ១០និង៤០នាទីព្រឹក លើផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី១ ភូមិស្ទឹងចក ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណី ធ្វើឱ្យខូចខាតដោយ ចេតនាមានស្ថានទម្ងន់ទោស (គប់កញ្ចក់រថយន្ត) បានកើតឡើង ដែលករណីនេះ បង្កដោយជនសង្ស័យចំ នួន០២នាក់ ជិះម៉ូតូចំនួន០១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខបាត់ដំបង 1AM 01 78 បានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើកញ្ចក់រថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ធុនបែនដឹកដី បើកបរដោយឈ្មោះ សុវណ្ណ កាស៊ី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិតាង៉ែន ឃុំតាគ្រៀម ស្រុកបាណន់ ខេត្តបាត់ដំបង ខណៈដែលរថយន្តកំពុងបើកបរ លើដងផ្លូវបណ្ដាលឱ្យបែកកញ្ចក់មើលខាងក្រោយចំហៀងផ្នែកខាងឆ្វេង០១កន្លែង និងស្រាំកញ្ចក់ខាងមុខចំហៀងខាងឆ្វេងចំនួន ០២កន្លែង ។
នៅពេលកើតហេតុ និងបន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ និងអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តម សេនីយ៍ទោ សាត គឹម សាន ស្នង ការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងផ្នែកជំនាញ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃតូច ស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នោះគឺ៖
១-ឈ្មោះ ធីម លីណា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (អ្នកបើកម៉ូតូ) ។
២-ឈ្មោះ វឿត ជាវៃ ភេទប្រុស អា យុ២០ឆ្នាំ រស់នៅភូមិជ្រៃ២ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (អ្នកជិះពីក្រោយ)។
ដកហូតវត្ថុតាងមានដុំថ្ម ដែលជនសង័្សយប្រើប្រាស់ក្នុងការធ្វើសកម្មភាពគប់លើរថយន្ត និងម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី២០២១ ស្លាកលេខ 1AM-0178 ។
លោកវរសេនីយ៍ឯក ស គឹមឡុង បានឱ្យដឹងថា នៅក្រោយពេលធ្វើការសាកសួរជនសង័្សយបានឆ្លើយសារភាពថា គេទាំង ពីរនាក់ពិតជាបានយកដុំថ្មគប់ទៅលើរថយន្តខាងលើ ទាំងថ្ងៃប្រាកដមែនដោយសារគេខឹងនឹងរថយន្តនេះ បើកបរចង់កៀរពួកគេដែល កំពុងជិះលើដងផ្លូវ ប៉ុន្តែខាងអ្នកបើកបររថយន្ត គេមានភស្តុតាងនៅក្នុងកាមេរ៉ាដែល បំពាក់លើរថយន្តនោះមកបញ្ជាក់ថា រថយន្តរប ស់គាត់មិនបានបើកបរដូចការលើកឡើងរបស់ជនសង័្សយនោះទេ ។
ទោះជាយ៉ាងណានៅពេលនេះ នគរបាលស្រុកមោងឫស្សី បានឃាត់ខ្លួននិងរៀបចំសំណុំ រឿងបញ្ជូនជនសង័្សយទាំងពីរនាក់ មកកាន់ការិយាល័យជំនាញអនុវត្តបន្តតាមផ្លូវច្បាប់ ៕
មតិយោបល់