ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស០៤នាក់រងរបួសធ្ងន់ស្រាល បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៧និង៣០នាទីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ទល់មុខខ្លោងទ្វារវត្តជន្លង់ម្លូ ក្នុងភូមិព្រៃកំបុត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេបានឃើញស្រ្តីម្នាក់ បើកបរម៉ូតូម៉ាកហុងដា ស្កុពីពណ៌សស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1IP-3924 ដែលបើកបរក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវត្រឡប់ក្រោយ ស្របពេលនោះមានយុវជន៣នាក់ ធ្វើដំណើរម៉ូតូម៉ាក XR ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1IZ-5382 បើកបរក្នុងទិសដៅពីត្បូងទៅជើង សង្ស័យវាក់អើហ្វ្រាំងមិនជាប់ បណ្តាលឲ្យជ្រុលទៅបុកចំពាក់កណ្តាលម៉ូតូស្កុបពី ដែលកំពុងបើកឆ្លងផ្លូវពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ស្រាលទាំង៤នាក់តែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែងកើតហេតុ និងរាយការណ៍បន្តទៅផ្នែកជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចុះធ្វើការវាស់យកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ ៕
មតិយោបល់