ព័ត៌មានជាតិ

នគរបាលបង្រ្កាបករណីគ្រឿងញៀន ឃាត់ខ្លួនមុខសញ្ញា ២នាក់

បាត់ដំបង: នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា
ឆ្នាំ២០២២ វេលាម៉ោង ១០និង៥០នាទី នៅចំណុចភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោក កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោក សុខ សារិន អធិការនគរបាលស្រុកបវេល បានដឹកនាំកម្លាំងជំនាញ ប្រឆាំងគ្រឿងញៀនរួមជាមួយកម្លាំងអន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ខ្នាចរមាស នៃអធិការដ្ឋាននគរបាលស្រុកបវេល បានចុះល្បាតក្នុងភូមិសាស្រ្តខាងលើ និងបង្ក្រាបបានករណី រក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន ១ករណីក្នុងបទល្មើសជាក់ស្ដែង។

ក្នុងកិច្ចប្រតិបត្តិនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ឈ្មោះ ខឿន ដៀវ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។

វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចថ្លាចំនួន ៣ថង់ សង្ស័យមានសារធាតុញៀន ។
-ទូរស័ព្ទដៃចំនួន០១គ្រឿង។

ឆ្លងតាមការស្រាវជ្រាវ និងដោយបានការអនុញ្ញាតពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ សមត្ថកិច្ចបានបន្តកិច្ចប្រតិបត្តិការ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យចំនួនម្នាក់ទៀតនៅចំណុចភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង នៅថ្ងៃខែឆ្នាំដដែល នាវេលាម៉ោង ១២និង១០នាទីនោះគឺឈ្មោះ ឡាយ ច្រិប ភេទស្រី អាយុ ៣៦ឆ្នាំ រស់នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។

វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមព៌ណសថ្លាច្រកក្នុងថង់ប្លាស្ទិចថ្លាចំនួន ១៣ថង់ សង្ស័យមានសារធាតុញៀន ។
-ថ្នាំគ្រាប់រាងមូលសំប៉ែតពណ៌ ផ្កាឈូក មានអក្សរបរទេស (WY) លើ ចំហៀងគ្រាប់ថ្នាំនីមួយៗចំនួន ៣០៦គ្រាប់ សង្ស័យមានសារធាតុញៀន។
-ជញ្ជីងសម្រាប់ថ្លឹងចំនួន ០១គ្រឿង
-ទូរស័ព្ទដៃចំនួន ២គ្រឿងចាស់ និងថង់សម្រាប់រំលែកថ្នាំញៀនមួយចំនួន។

-*សរុបវត្ថុតាងចាប់យករួមមាន៖
-ម្សៅក្រាមពណ៌ សថ្លា ច្រកក្នុងថង់ប្លាស្ទិចថ្លាចំនួន ១៦ថង់ សង្ស័យមានសារធាតុញៀន ។
-ថ្នាំគ្រាប់រាងមូលសំប៉ែតពណ៌ផ្កាឈូកមានអក្សរបរទេស (WY) លើចំហៀង គ្រាប់ថ្នាំនីមួយៗចំនួន ៣០៦គ្រាប់ សង្ស័យមានសារធាតុញៀន។
-ជញ្ជីងសម្រាប់ថ្លឹងចំនួន ០១គ្រឿង
-ទូរស័ព្ទដៃចំនួន ០៣គ្រឿងចាស់ និងថង់សម្រាប់រំលែកថ្នាំញៀនមួយចំនួន ។

ករណីនេះទាំងវត្ថុតាង និងជនសង្ស័យ នគរបាលស្រុកកំពុងកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញនៅស្នងការដ្ឋាន អនុវត្តបន្តតាមនីតិវិធី ច្បាប់៕

មតិយោបល់