សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការពាក់ព័ន្ធករណីរំលោភសម្លាប់ ។ ជនសង្ស័យឈ្មោះ អុក វឿ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ។
យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ខ្វាវ លំ ភេទស្រី អាយុ៦៨ឆ្នាំ ត្រូវជាជីដូនសព មានទីលំនៅភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រហែល២១និង៣០នាទី ចៅស្រីរបស់គាត់ឈ្មោះ ផុន ឃីម ភេទស្រី អាយុ១៣ឆ្នាំ បានចេញទៅឆ្លុះកង្កែបតែម្នាក់ឯងនៅក្នុងភូមិ បានប្រហែលមួយសន្ទុះគាត់ក៏ឃើញចៅស្រីរបស់គាត់បានយកកង្កែបមកទុកនៅផ្ទះ ។
ពេលនោះចៅស្រីរបស់គាត់បានសុំគាត់ទៅឆ្លុះកង្កែបម្តងទៀត ហើយបាននិយាយថាឈ្មោះ វឿ ភេទប្រុស បានប្រាប់ថានៅខាងលិចភូមិមានកង្កែបច្រើនណាស់ ពេលនោះចៅស្រីរបស់គាត់បានទៅឆ្លុះកង្កែបទៀត លុះដល់ម៉ោងប្រហែល៣ទៀបភ្លឺ គាត់ក៏បានក្រោករកចៅ តែមិនឃើញ ពេលនោះគាត់ក៏បានស្រែកហៅកូនចៅឲ្យជួយតាមរក តែដោយសារយប់ងងឹតពេករកមិនឃើញ លុះដល់ម៉ោង៥និង០០នាទី ទើបរកឃើញ ចៅស្រីរបស់ខ្លួនដេកស្លាប់នៅវាលស្រែ ។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ អុក វឿ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ បានអោយដឹងថា ខ្លួនពិតជាបានចាប់ជនរងគ្រោះច្រមុជនឹងទឹក អោយសន្លប់ រួចយកមករំលោភ ហើយបានបោះជនរងគ្រោះចូលទៅក្នុងទឹកវិញពិតប្រាកដមែន ។
សូមបញ្ជាក់ថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ៕
មតិយោបល់