ពីរដងក្នុងមួយថ្ងៃ អាកាសយានដ្ឋានហុងកុងមានពោរពេញទៅដោយសំឡេងយំខ្សឹបខ្សួលនិងសំឡេងលាគ្នារវាងសាច់ញាតិដែលមានបងប្អូនត្រូវចាកចេញទៅផ្តើមជីវិតថ្មីនៅឯបរទេស ជាពិសេសក្នុងប្រទេសអង់គ្លេស។ ជើងហោះហើរពីហុងកុងទៅកាន់ទីក្រុងឡុងដ៍ ជាធម្មតាមានពីរជើងគឺមួយនៅពេលរសៀល និងមួយទៀតនៅពេលល្ងាច។
ប្រជាជនហុងកុងកាន់តែច្រើនបានសម្រេចចាកចេញពីស្រុកកំណើតដោយសារតែពួកគេមិនសប្បាយចិត្តចំពោះស្ថានការណ៍ដែលបាននឹងកំពុងកើតឡើងនៅក្នុងទឹកដីកំណើត និងគ្មានសង្ឃឹមថានឹងអាចទទួលបានសិទ្ធិសេរីភាពដូចមុនទៀតនោះទេ។
ជាកស្តែង បុរសហុងកុងវ័យ ៤៣ ឆ្នាំម្នាក់ដែលមានអាជីពជាអ្នកកាសែតបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថាគាត់បានចាប់ផ្តើមរៀបចំផែនការចាកចេញពីហុងកុង នៅពេលគាត់បានឃើញវីដេអូបង្ហាញពីសកម្មភាពប៉ូលិសវាយដំក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងរថភ្លើងក្រោមដីមួយកន្លែងក្នុងអំឡុងពេលនៃការតវ៉ាកាលពី ២ ឆ្នាំមុន។
បន្ទាប់មកទៀត ច្បាប់សន្តិសុខជាតិថ្មីមួយដែលតាក់តែងដោយចិននិងដែលត្រូវបានយកទៅដាក់ឲ្យអនុវត្តនៅហុងកុង ដើម្បីបង្ក្រាបក្រុមអ្នកប្រឆាំង ក្រុមអ្នកតស៊ូដើម្បី សិទ្ធិសេរីភាព។ បោះបង់ចោលការងារនៅហុងកុង ហើយចាប់ផ្តើមជីវិតថ្មីនៅលើទឹកដីបរទេសមិនមែនជារឿងងាយស្រួលនោះទេ ក៏ប៉ុន្តែអ្នកកាសែតរូបនេះត្រូវបង្ខំចិត្តធ្វើដូច្នោះព្រោះតែមើលឃើញថាស្ថានការណ៍នៅហុងកុងកាន់តែយ៉ាប់យ៉ឺនទៅៗ។ នេះបើតាមសម្តីលោកប្រាប់ AFP ដដែល។
រដ្ឋាភិបាលហុងកុង គ្មានស្ថិតិអំពីចំនួនប្រជាជនដែលចាកចេញជាអចិន្ត្រៃយ៍នោះទេ។ ក៏ប៉ុន្តែភស្តុតាងជាក់ស្តែងបង្ហាញថាការចាក់ចេញកំពុងកើនឡើង។ យោងតាមតួលេខជនអន្តោប្រវេសន៍ លំហូរចេញរបស់ប្រជាជនហុងកុងបានកើនឡើងជាលំដាប់ ជាពិសេសស្ទុះឡើងខ្លាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ជាមធ្យម មានប្រជាជនហុងកុងប្រមាណ ១ ៥០០ នាក់បានធ្វើដំណើរតាមអាកាសយានដ្ឋានជារៀងរាល់ថ្ងៃ ក្នុងខែកក្កដា ពោលគឺកើនឡើងពីចំនួន ៨០០ នាក់ សម្រាប់ឆមាសទីមួយនៃឆ្នាំ២០២១នេះ។
ប្រជាជនហុងកុងជាច្រើន បានកំណត់គោលដៅទៅកសាងអនាគតថ្មីនៅអង់គ្លេស ដែលជាប្រទេសអតីតអាណានិគមរបស់ហុងកុង ព្រោះថារដ្ឋាភិបាលអង់គ្លេសអនុញ្ញាតឲ្យអ្នកប្រជាជនហុងកុងដែលកាន់លិខិតឆ្លងដែនអង់គ្លេស និងសាច់ញាតិរបស់ពួកគេទៅតាំងទីលំនៅទីនោះបាន។
អង់គ្លេសរំពឹងថាប្រជាជនហុងកុងប្រមាណ ៣០ ម៉ឺននាក់នឹងផ្លាស់ទៅក្នុងប្រទេសខ្លួននារយៈពេល ៣ ឆ្នាំខាងមុខ។ ចំណែកមេដឹកនាំហុងកុងលោកស្រីការី ឡាំវិញ ហាក់មិនអើពើនឹងការចាកចេញរបស់ប្រជាជននេះឡើយ។ លោកស្រីការី ឡាំ បានលើកឡើងថាអ្នកដែលបានសម្រេចចិត្តចាកចេញនោះ គឺជាជម្រើសផ្ទាល់ខ្លួនរបស់ពួកគេ និងអនាគតទីក្រុងហុងកុងគឺភ្លឺស្វាងណាស់៕



មតិយោបល់